កសិករដាំស្វាយនៅប៉ាគីស្ថានខាតខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ

អ៊ីស្លាម៉ាបាដ៖ ផ្លែស្វាយដែលត្រូវបានគេចាត់ទុកថា ជាប្រភពប្រាក់ចំណូលរបស់ប្រជាជន និងប្រទេសប៉ាគីស្ថាននោះ ឥឡូវនេះកសិករកំពុងស្តីបន្ទោសការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានពពួកប៉ារ៉ាស៊ីត និងអាកាសធាតុក្តៅខ្លាំង បំផ្លាញដំណាំជាច្រើនក្នុងរដូវកាលនេះ។

ប៉ាគីស្ថានគឺជាប្រទេសដាំដុះផ្លែស្វាយ និងកសិកម្មធំជាងគេទីបួនរបស់ពិភពលោក ដែលស្មើនឹងជិតមួយភាគបួននៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន។ ប៉ុន្តែបច្ចុប្បន្នកសិករនៅក្នុងប្រទេសប៉ាគីស្ថានកំពុងជួបប្រទះនឹងរលកកំដៅក្តៅខ្លាំង ដែលបង្កការបំផ្លិចបំផ្លាញដល់ការប្រមូលផលដំណាំ និង ការខាតបង់ប្រាក់ចំណូលរបស់ពួកគេ ដោយសារសីតុណ្ហភាពកើនឡើងដល់ ៥២អង្សាសេឯណោះ។

បន្ថែមពីលើបញ្ហានេះ ការរីកសាយភាយនៃពពួកប៉ារ៉ាស៊ីតក៏បាននាំឱ្យផ្ទុះឡើងនូវការចំណាយលើថ្នាំសម្លាប់សត្វល្អិតផងដែរ។ ប្រធានសមាគមអ្នកនាំចេញផ្លែឈើ និងបន្លែប៉ាគីស្ថាន (PFVA) លោក Waheed Ahmed បាននិយាយថា ការខាតបង់នៅក្នុងរដ្ឋ Punjab បានឈានដល់ ៣៥ ទៅ ៥០ភាគរយ និងនៅខេត្ត Sindh ពី ១៥ ទៅ ២០ភាគរយ ធៀបនឹងឆ្នាំមុន។

លោក Ahmed បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កាលពីឆ្នាំមុន ប៉ាគីស្ថានអាចនាំចេញផ្លែស្វាយបានត្រឹមតែ ១០០,០០០តោនប៉ុណ្ណោះ ក្នុងចំណោម ១២៥,០០០0តោន ដែលខ្លួនគ្រោងលក់ទៅក្រៅប្រទេស។ ផ្លែស្វាយចំនួន ២០ពូជរបស់ប្រទេសប៉ាគីស្ថានជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីផ្លែក្រូច។

ការបាត់បង់ប្រាក់ចំណូលពីការប្រមូលផលឆ្នាំនេះ អាចនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចប្រទេស ខណៈដែលប៉ាគីស្ថានកំពុងស្ថិតក្នុងការពិភាក្សាដើម្បីទទួលបានប្រាក់កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner