វិនិយោគិនចិនបង្កើនជំនឿចិត្តកាន់តែខ្លាំងលើការនាំចូលនិងការផលិតយានយន្តអគ្គិសនីនៅកម្ពុជា

(ភ្នំពេញ)៖ សមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន កាលពីរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពី«ការទាក់ទាញវិនិយោគចិនលើវិស័យយានយន្តអគ្គសនី» ដែលបានគាំទ្រដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថានទូតចិនប្រចាំកម្ពុជា សភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ក្រុមហ៊ុនYINKE ក្រុមហ៊ុនHauwei ក្រុមហ៊ុនHongqi ក្រុមហ៊ុនMing Yang Guoji និងបណ្តាក្រុមហ៊ុន សហគ្រាសចិនដែលកំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ថ្លែងទៅកាន់វិនិយោគិនចិនដែលមានចំនួនសរុប៩៥រូបមកពីក្រុមហ៊ុន សហគ្រាសចំនួន ៤០ស្ថាប័ន ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិនបានមានប្រសាសន៍ថា ក្នុងរយៈពេលជាង១០ឆ្នាំនៃការចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ សេដ្ឋកិច្ចរបស់កម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងដែលចរន្តនៃការរីកចម្រើននេះពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកយ៉ាងខ្លាំងក្លាពីមិត្តចិន ហើយដែលក្នុងនោះក៏មានការរួមចំណែកពីវិនិយោគិនចិនផងដែរ។

ឯកឧត្តម​បានបន្តថា ការលើកទឹកចិត្តនិងគាំទ្រដល់កិច្ចសហប្រតិបត្តិការរវាង វិនិយោគិន​នៃប្រទេសទាំងពីរ កម្ពុជានិងចិន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក្រោមម្លប់សុខសន្តិភាព និងសេរីភាពពេញបរិបូរណ៍នៅក្នុងប្រទេសកម្ពុជា។

អង្គសិក្ខាសាលាពេញមួយរសៀលនេះ មានវាគ្មិន ១-ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ២-ឯកឧត្តម ជា កុកហុង អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង៣-លោក Wu Xianbo នាយកគ្រប់គ្រងទូទៅនៃអាជីវកម្មថាមពល ឌីជីថលពនៅតំបន់អាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុន Huawei នឹងផ្តល់ទឡ្ហីករណ៍គូសបញ្ជាក់ ពីកិច្ចគាំទ្ររបស់ប្រទេសយើងទាំងពីរ កម្ពុជានិងចិន ហើយដែលប្រទេសកម្ពុជាតែងឈរ យ៉ាងរឹង មាំដោយមិនស្ទាក់ស្ទើរដើរលើមាគ៌ាតក្កភាពបែបវិទ្យាសាស្រ្តដើម្បី គាំទ្រប្រទេស ចិនលើកិច្ចជំរុញល្បឿននៃអរិយធម៌អេកូឡូស៊ីតាមរយៈការបង្កើនសមត្ថភាពក្នុងការផលិតយានយន្តអគ្គិសនីរបស់ប្រទេសចិនដោយមិនត្រឹមផ្តោតទាំងលើគុណភាពនិងបរិមាណប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតបទាន់ពេលវេលាប្រកបដោយស័ក្តិសិទ្ធិភាពទៅ លើការថែរក្សាបរិស្ថានថែមទៀតផង។ តំណាងវិនិយោគិនចិន លោកស្រី Chen Shuangyin អគ្គនាយិកាក្រុមហ៊ុន YINKE បានជម្រាបថា ប្រទេសកម្ពុជា គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់មួយក្នុងការលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលបានផ្តួចផ្តើមដោយប្រទេសចិន ហើយជាកាលានុវត្តភាព និងសក្តានុពលនៃការអភិវឌ្ឍដែលបានទាក់ទាញសហគ្រិន វិនិយោគិនចិនកាន់តែច្រើនឡើងដើម្បីអនុវត្តគម្រោងអាជីវកម្ម ហើយសម្រេចបានសមិទ្ធផលជាច្រើនដើម្បីចាក់បញ្ចូលបន្ថែមកម្លាំងកាន់តែរឹងមាំដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ។

ក្នុងនាមក្រុមការងាររៀបចំអង្គសិក្ខាសាលានេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធាន​សមាគមអ្នកស្រាវជ្រាវ​វឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងថា អង្គសិក្ខា​សាលានាថ្ងៃនេះមានគោលបំណងសំខាន់ចំនួន៤គឺ ១-ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអបអរសាទរឆ្នាំ២០២៤ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជនកម្ពុជានិងប្រជាជនចិន ២-ចូលរួមជាមួយអង្គពាក់ព័ន្ធនានាដើម្បីបង្កើនការទាក់ទាញវិនិយោគិនចិនមកបណ្តាក់ទុននៅកម្ពុជា ៣​-ពង្រីកការយល់ដឹងកាន់តែស៊ីជម្រៅពីអរិយធម៌អេកូឡូស៊ី​ដើម្បីបង្កើនសម្រស់បៃតងដល់ភពផែនដី និង៤-ចែករំលែកនូវបទពិសោធន៍​ពីការប្រើប្រាស់យានយន្តអគ្គិសនីដើម្បីជាការលើកកម្ពស់វិស័យថាមពលកកើតឡើងវិញ និងឆ្លើយតបបានទៅនឹងការអភិវឌ្ឍប្រកបដោយចីរភាព​របស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០៣០ផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner