មេធំក្រុមហ៊ុនកូរ៉េ SK Group បង់១ពាន់លានដុល្លារ លែងលះប្រពន្ធ

លោក Chey Tae-won ម្ចាស់ក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទចល័ត SK Group ហើយក៏ជាក្រុមហ៊ុនមេ នៃក្រុមហ៊ុន SK Hynix ផលិតបន្ទះឈីប អង្គចងចាំធំជាងគេ លំដាប់ទីពីរនៅលើពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានតុលាការបង្គាប់ ឲ្យបង់ប្រាក់ ១ពាន់លានដុល្លារអាមេរិក ដើម្បីលែងលះប្រពន្ធ ជាផ្លូវការ។
 
សំណុំរឿងកាត់ក្តីលែងលះរបស់លោក Chey Tae-won ត្រូវបានចាត់ទុកថា ករណីលែងលះដែលត្រូវបង់ប្រាក់ច្រើនបំផុតពុំធ្លាប់មាន នៅក្នុងប្រទេសកូរ៉េខាងត្បូង។
 
តុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល បានបញ្ជាឱ្យលោក Chey Tae-won បង់ប្រាក់ឱ្យទៅភរិយា គឺលោកស្រី Roh So-young ដែលជាកូនស្រីរបស់ អតីតប្រធានាធិបតី លោក Roh Tae-woo។ ទំហំទឹកប្រាក់ដែលត្រូវទូទាត់នេះ បានកើនឡើងយ៉ាងខ្លាំង បើធៀបនឹងការសម្រេចរបស់តុលាការជាន់ទាប កាលពីមុន ដោយគេជឿថា មានការអន្តរគមន៍ពីលោក Roh Tae-woo មុនពេលមានការសម្រេចរបស់តុលាការបែបនេះ។
 
យ៉ាងណាមិញ ក្រុមអ្នកច្បាប់របស់ លោក Chey Tae-won បាននិយាយថា ពួកគេនឹងប្តឹងឧទ្ធរណ៍ ប្រឆាំងនឹងសេចក្តីសម្រេចចុងក្រោយនេះ ដោយបញ្ជាក់ថា SK Group បានរងសំពាធពីឥទ្ធិពលរបស់លោកអតីតប្រធានាធិបតី Roh។
 
អ្នកទាំងពីរ ក្នុងវ័យ ៦៣ឆ្នាំដូចគ្នា បានរៀបការ រួមរស់ជាមួយគ្នា កាលពីឆ្នាំ១៩៨៨ ប៉ុន្តែ ពួកគេបានបែកគ្នា ជាច្រើនឆ្នាំមកហើយ ដោយមិនត្រូវបានបង្ហាញ ពីមូលហេតុ។ ស្ត្រីជាភរិយាបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹង សេចក្តីសម្រេចទូទាត់ជិត៥០លានដុល្លារ កាលពីឆ្នាំ២០២២ ហើយក៏បានបន្តសំណុំរឿង មកដល់ឆ្នាំ២០២៤នេះ។ លោក Chey Tae-won ដែលមានទ្រព្យសម្បត្តិសរុប ជិត៣ពាន់លានដុល្លារ គឺជាអ្នកបានដាក់ពាក្យសុំលែងលះ ដូច្នេះ មានន័យថា លោកត្រូវចំណាយ ៣៥ភាគរយនៃទ្រព្យសរុប បើតាមការសម្រេចរបស់តុលាការបែបនេះ៕
 
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner