ឯកឧត្តម សុខ សូកេន៖ បានណែនាំដល់ក្រុមការងារ ត្រូវបន្តចុះដល់មូលដ្ឋាន ដើម្បីក្តាប់សំណូមពរ តម្រូវការ និងបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ

(ខេត្តកំពង់ធំ)៖ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ បានណែនាំដល់ក្រុមការងារ ត្រូវបន្តចុះអោយដល់មូលដ្ឋាន ដើម្បីក្តាប់សំណូមពរ តម្រូវការ និងបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ។ នេះជាការថ្លែងគ្រាឯកឧត្តមអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

លោក អួង សារឿន ប្រធានគណបក្សស្រុកបារាយណ៍ និងលោក ម៉ម ប៊ុនថា បានអានរបាយការណ៍ និងសេចក្តីសម្រេចសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកបារាយណ៍ ខេត្តកំពង់ធំរួច ឯកឧត្តម សុខ សូកេន បានសម្តែងនូវការអបអរសាទរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានតែងតាំងជាប្រធាន អនុប្រធាន សមាជិក និងសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកបារាយណ៍ នាពេលនេះ។

ឯកឧត្តម ក៏បានថ្លែងនូវអំណរគុណ និងបានវាយតម្លៃខ្ពស់ជូនចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ គណៈកម្មាធិការគណបក្សស្រុក និងឃុំទាំងអស់ ដែលបានខិតខំសម្រេចបាននូវជោគជ័យដ៏ធំធេងគួរជាទីមោទនក្រៃលែង នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ដ ស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។

ឯកឧត្តម សុខ សូកេន ក៏បានលើកឡើងថា ភាពជោគជ័យនេះ បានបង្ហាញយ៉ាងច្បាស់ពីការចូលរួមចំណែកយ៉ាងសកម្ម ការពុះពារលះបង់របស់សមាជិកគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបារាយណ៍ទាំងអស់ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ព្រមទាំងជួយមូលដ្ឋានក្នុងការកសាងពង្រឹងគណបក្ស ពង្រឹងជីវភាពក្រុមបក្ស គ្រប់គ្រងនយោបាយសតិអារម្មណ៍ ពង្រឹងការគ្រប់គ្រងសមាជិកបក្សបានយ៉ាងច្បាស់លាស់និងរឹងមាំទាំងបរិមាណនិងគុណភាព ជួយចលនានៅមូលដ្ឋានទាំងស្មារតីនិងសម្ភារៈ និងជួយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តមប្រធាន បានសង្កត់ធ្ងន់ថា បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនា ក្រោមម្លប់នៃសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយក្តីសង្ឃឹម លើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាបិតាសន្តិភាពនៅកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា។

ឯកឧត្តមប្រធានក្រុមការងារ បានណែនាំដល់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំងអស់ត្រូវបន្តចុះជាប្រចាំអោយដល់មូលដ្ឋាន ដើម្បីក្តាប់សំណូមពរ តម្រូវការ និងបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ និងរួមគ្នាធ្វើការដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍ និងសតិអារម្មណ៍របស់ប្រជាជនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner