លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមចលនាខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ
ភ្នំពេញៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នបានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១ ដល់ទី២ ខែមិថុនា ឆ្នាំ២០២៤នៅផ្សារទំនេីប ជីបម៉ុង២៧១ រាជធានីភ្នំពេញ ។ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងបង្កើនការផ្សព្វផ្សាយលើកទឹកចិត្តឱ្យមានការគាំទ្រ និងការប្រើប្រាស់កសិផលខ្មែរកាន់តែទូលំទូលាយថែមទៀត។
មានប្រសាសន៍នៅក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលេីកទឹកចិត្តឱ្យមានការរៀបចំកម្មវិធីពិព័រណ៍បែបនេះជារៀងរាល់ឆ្នាំ ដើម្បីបន្តពូនជ្រុំស្មារតីជាតិនិយម កៀរគរការគាំទ្រដល់កសិផលខ្មែរ ។ជាមួយនេះ លោកជំទាវបណ្ឌិត បានលើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចលនា ខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ។លោកជំទាវបានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាកម្មអាហារ សមាគម និងភោជនីយដ្ឋាននានា ឱ្យចូលរួមកាន់តែច្រើនកុះករ ដោយចាប់ដៃគូសហការផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កសិផលខ្មែរ និងសហគមន៍កសិកម្មនានា ជាដើម ។
លោកជំទាវបណ្ឌិត ក៏បានជំរុញ ដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ដែលជាអ្នកផលិត ឱ្យបង្កើនការយកចិត្តទុកដាក់ គិតគូរដល់ផែនការផលិតកម្មប្រកបដោយនិរន្តរភាព សុវត្ថិភាព និងទីផ្សារ ដើម្បីបន្តកសាង និងពង្រឹងនូវទំនុកចិត្តឱ្យគ្នាទៅវិញទៅមក ៕
ដោយៈម៉ាដេប៉ូ