ឃាត់ខ្លួនជនជាតិវៀតណាមប្រាំពីរនាក់និងគ្រឿងញៀនជាងមួយគីឡូក្រាម

ស្វាយរៀង៖នគរបាលខេត្តស្វាយរៀងបានបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន  នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនជាតិវៀតណាមចំនួនប្រាំពីរនាក់និងគ្រឿងញៀនជាងមួយគីឡូក្រាម បញ្ជូនទៅតុលាការសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីនៅព្រឹកថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២៤ នេះ។

នគរបាលជំនាញគ្រឿងញៀនបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែឧសភា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ក្រុងបាវិតបានបង្ក្រាបករណីជួញដូរ រក្សាទុក ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសុទ្ធសឹងជាភេទប្រុសប្រាំពីរនាក់។ ក្នុងនោះ ១.ឈ្មោះ ផាម មិនហៅ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។ ២.ឈ្មោះ ផាម វ៉ាងមិន អាយុ២៩ឆ្នាំនមុខរបរបុគ្គលិកKTVតឹងឡេង បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ។ ៣.ឈ្មោះ ង្វៀង ឌឹញដាក អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់បណ្តោះអាសន្នបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ។៤.ឈ្មោះ កូវ វ៉ាន់ទឹង អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកលើកដែក ខេត្តកណ្តាល ។៥.ឈ្មោះ លី វ៉ាន់សឿង អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ។៦.ឈ្មោះ វ៉ូ វ៉ាងភុក អាយុ៣៥ឆ្នាំ មុខរបរមេការKTVឌាំងឡុងដរ ស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត និង ៧.ឈ្មោះ ង្វៀង មិនហ័ង អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ។
សមត្ថកិច្ចបានចាប់យកវត្ថុតាងនិងសម្ភារៈរួមមានៈក្រាមសថ្លាជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១២កញ្ចប់(ធំ០១កញ្ចប់)ទម្ងន់សរុប១០០៣.១៣ក្រាម (១គីឡូក្រាម៣,១៣ក្រាម)ថ្នាំគ្រាប់ ប្រភេទមេតំហ្វេតាមីន១៩គ្រាប់, ជញ្ជីងថ្លឺងថ្នាំញៀន១គ្រឿង,ទូរសព្ទដៃ០៩គ្រឿង,រថយន្ត១គ្រឿង,ម៉ូតូ២គ្រឿង,លិខិតឆ្លង ដែន៤ក្បាល,ប្រាក់ដុង១.២០០.០០០ដុង,ប្រាក់ដុល្លា២២០ដុល្លារ,ប្រាក់រៀល១៩០ ០០០រៀល គ្រឿងអលង្ការ ព្រមទាំង ឧបករណ៍ សម្ភារវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត
ដោយៈនុត នាង

ads banner