លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកទឹកចិត្តពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល»

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទឹកចិត្តដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឳ្យរៀបចំព្រឹត្តិការណ៍ពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» ឳ្យបានរៀងរាល់
ឆ្នាំដើម្បីបន្តពូនជ្រុំស្មារតីជាតិនិយម កៀរគរការគាំទ្រដល់កសិផលខ្មែរ ប្រកបដោយមោទនភាពជាតិ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍បែបនេះក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ភូមិ កសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១ ដល់ទី២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង២៧១ រាជធានីភ្នំពេញ ។

លោកជំទាវបណ្ឌិត ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ដែលជាអ្នកផលិត ឱ្យបង្កើនការយកចិត្តទុកដាក់ គិតគូរដល់ផែនការផលិតកម្មប្រកបដោយនិរន្តរភាព សុវត្ថិភាព និងទីផ្សារ ដើម្បីបន្តកសាង និងពង្រឹងនូវទំនុកចិត្តឱ្យគ្នាទៅវិញទៅមក។លោកជំទាវក៏បានជំរុញប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចលនា ខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ និងបានអំពាវនាវដល់ក្រុមហ៊ុនផ្តល់សេវាកម្មអាហារ សមាគម និងភោជនីយដ្ឋាននានា ឱ្យចូលរួមកាន់តែច្រើនកុះករ ដោយចាប់ដៃគូសហការផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កសិផលខ្មែរ និងសហគមន៍កសិកម្មនានា ជាដើម ។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងនេសាទបានបញ្ជាក់ថា ដំណាំកសិកម្មបច្ចុប្បន្នមានសន្ទុះកើនឡើងយ៉ាងខ្លាំង។ក្នុងនេះការដាំដំណាំរបស់ប្រជាកសិករមិនត្រឹមតែសម្រាប់ធ្វើម្ហូបគ្រួសារទេនៅមានការលក់ជាអាជីវកម្មសម្រាប់បង្កើនជីវភាពថែមទៀត។ក្រៅពីនេះការរកទីផ្សាររបស់គាត់ក៏ល្អប្រសើរតាមរយៈមន្រ្តីកសិកម្មបានជួយជ្រោមជ្រែងទាំងបច្ចេកទេសក៏ដូចជាការលក់ទៅកាន់ទីផ្សារ។ជាមួយគ្នានេះមន្រ្តីពាក់ព័ន្ធក៏បានធ្វើការណែនាំពីដំណាំកសិកម្មដល់ប្រជាកសិករនៅពេលដាំដុះហើយអាចជាតម្រូវការរបស់ទីផ្សារថែមទៀត។

គួរបញ្ជាក់ថា ពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ រៀបចំឡើង ដើម្បីបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យបានកាន់តែខ្លាំងក្លាឡើងថែមទៀត ក្នុងចំណោមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់។ ពិព័រណ៍ និងវេទិកាពិភាក្សានេះ ក៏នឹងផ្ដល់ឱកាសភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកទទួលទិញ ព្រមទាំងបំផុសការពិភាក្សាអំពីការប្រើប្រាស់កសិផលក្នុងស្រុកសម្រាប់ផ្គត់ផ្គង់នៅក្នុងពិធីបុណ្យផ្សេងៗទៀត៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner