ក្រុមឈ្នះដាច់គេនៅក្នុងកម្មវិធីប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១នៅកម្ពុជាបានទៅក្រុម Gita Suara Choir ISBI Bandung ប្រទេសឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ទីបំផុតបានរកឃើញក្រុមដែលបានឈ្នះក្នុងការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក៖ «ចម្រៀង និងស្នាមញញឹម ភ្នំពេញចែងចាំង»ដោយក្រោយពីការប្រកួតស្វិតស្វា្ញញនោះគឺបានទៅក្រុម Gita Suara Choir ISBI Bandung មកពីប្រទេសឥណ្ឌូនេស៊ី។

ពិធីប្រកាសនេះបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) កាលពីល្ងាចថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០២៤ក្រោយការប្រឡងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤រួចមក។ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក Jacques Guichandut ដែលជាស្ថាបនិក និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន All Dreams Cambodia បានបញ្ជាក់ថាការរៀបចំកម្មវិធីនៃការប្រកួតចម្រៀងជាពួកអន្តរជាតិលើកទី១ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយផ្សារភ្ជាប់តន្ត្រី និងការចូលរួមចំណែកក្នុងការបណ្តុះស្មារតីចូលរួមគិតគូរដល់វិស័យបរិស្ថាន និងវិស័យអំណាន ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រកបដោយចិរភាព។

សូមបញ្ជាក់ថាក្នុងពិធីនេះគេបានប្រកាសផ្តល់វិញ្ញាបនប័ត្រដល់ក្រុមចម្រៀងជាពួកអន្តរជាតិ ដែលមកពីបណ្តាប្រទេសនានា រួមមានកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ។ គ្រប់ក្រុមចម្រៀងជាពួកត្រូវបានគេចាត់វាយតម្លៃថាពោរពេញទៅដោយសមត្ថភាព សុទ្ធតែទទួលបានការវាយតម្លៃខ្ពស់ ហើយទទួលបានរង្វាន់តាមភាពល្អវិសេសរបស់ខ្លួនរាងៗខ្លួន ហើយក្រុមដែលឈ្នះដាច់គេនៅក្នុងកម្មវិធីនេះ គឺក្រុម Gita Suara Choir ISBI Bandung ដែលមកពីប្រទេសឥណ្ឌូនេស៊ី ដោយទទួលបានវិញ្ញាបនប័ត្រ ពានរង្វាន់ថវិកាចំនួន ១ពាន់ដុល្លារអាមេរិក និងរង្វាន់អនុស្សាវរីយ៍ ។

គួរបញ្ជាក់ថា ការប្រឡងបានប្រព្រឹត្តទៅនៅសម្រាប់ សកម្មភាពហាត់សមនិងប្រកួតប្រជែង នឹងធ្វើឡើងនៅសាលមហោស្រពក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤ ។ក្នុងព្រឹត្តិការណ៍នេះដែររៀបចំឡើងដោយ INTERKULTUR ដែលជាស្ថាប័ននាំមុខគេលើពិភពលោកក្នុងព្រឹត្តិការណ៍ចម្រៀងជាពួកអន្តរជាតិ សហការជាមួយក្រុមហ៊ុន All Dreams Cambodia និងមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងរដ្ឋបាលរាជធានីភ្នំពេញ។ ការប្រកួតប្រជែងចម្រៀងជាពួកអន្តរជាតិលើកទី១ បង្កើតឡើងដោយ INTERKULTUR ជាស្ថាប័នដ៏ល្បីល្បាញទូទាំងពិភពលោកដែលមានការចក្ខុវិស័យរបស់ខ្លួនក្នុងការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងគ្នាទៅវិញទៅមកតាមរយៈតន្ត្រី ហើយបានបង្រួបបង្រួមមនុស្សតាមរយៈភាសាតន្ត្រីនិងបានបណ្តុះបណ្តាល ជ័យលាភីក្រុមចម្រៀងជាង ១១,០០០ និងអ្នកចម្រៀង ៤៦០,០០០ នាក់ ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក ងីម ឆៃហួត

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner