លោក មាជ សុវណ្ណារ៉ា ឡើងធ្វើជាប្រធានគណបក្សជំនាន់ថ្មី

ភ្នំពេញ៖ ដូចអ្វីដែលបានគ្រោងទុក លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សប្រឆាំង នឹងជាមនុស្សជំនិតរបស់លោក កឹម សុខា ត្រូវបានសមាជរបស់គណបក្សជំនាន់ថ្មី បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាប្រធានគណបក្សជំនាន់ថ្មី។ ការផ្តល់សេចក្តីទុកចិត្តឲ្យលោក មាជ សុវណ្ណារ៉ា ធ្វើជាប្រធានគណបក្សជំនាន់ថ្មី បានធ្វើឡើងនៅក្នុងសមាជលើកដំបូងនាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

សមាជក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសរើសអនុប្រធានចំនួន ២រូប គឺ. លោក ប៉ាត មុន្នី និងលោក ជឹង វិទ្យាឫទ្ធិ។
ចំណែកអ្នកនាំពាក្យមានចំនួន ៣រូប មានដូចជាៈ
១.លោក នី សោភ័ណ្ឌ អ្នកនាំពាក្យ
២.⁠លោក នួន សុភ័ក្ត្រ អ្នកនាំពាក្យ
៣.⁠លោក ញឹម ស៊ីថា អ្នកនាំពាក្យរង

សូមរម្លឹកថា លោក មាជ សុវណ្ណារ៉ា និងបក្ខពួកជាប់ចោទពីបទ «ដឹកនាំកុបកម្ម និង អំពើចូលរួមចលនាកុបកម្ម» ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ លោក មាជ សុវណ្ណារ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសរយៈពេល២០ឆ្នាំរួចមកហើយចំពោះបទល្មើសនេះ។ លោក មាជ សុវណ្ណារ៉ា បានជាប់ពន្ធនាគារជិត ៤ ឆ្នាំពាក់ព័ន្ធធ្វើកូដកម្មនៅទីលានប្រជាធិបតេយ្យក្នុងឆ្នាំ ២០១៤ ហើយត្រូវបានព្រះមហាក្សត្រលើកលែងទោសកាលពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៨នេះ។ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង១៣រូបនេះ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីពួកគេបានសរសេរលិខិតស្នើសុំលើកលែងទោសទៅប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។ គួរបញ្ជាក់ថា កាលពីពាក់កណ្តាល ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសសកម្មជននិងមន្ត្រីគណបក្សសង្គ្រោះជាតិ ចំនួន១១រូបចន្លោះពី៧ឆ្នាំទៅ២០ឆ្នាំក្រោមការចោទប្រកាន់ពីបទចូលរួមក្នុងចលនាកុបកម្មតាមមាត្រា៤៥៧នៃក្រមព្រហ្មទណ្ឌនិងបទដឹកនាំកុបកម្មតាមមាត្រា៤៥៩នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅលើស្ពាននាគក្បែរទីលានប្រជាធិបតេយ្យក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
ដោយ៖ពលជ័យ

ads banner