៥ខែនាំទំនិញចូលជាង ១១ពាន់លាន, នាំទំនិញចេញជាង ១០ពាន់លាន (Video Inside)

កម្ពុជាបាននាំទំនិញចេញជាង ១០ពាន់លានដុល្លារ ខណៈនាំទំនិញចូលមានជាង ១១ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដើមឆ្នាំនេះ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម, ទំនិញសំខាន់ៗ ដែលបាននាំចេញច្រើនជាងគេរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។ ការនាំចេញរយៈពេល៥ខែដើមឆ្នាំនេះ ត្រូវគេរាយការណ៍ថា កើនឡើង ១០.៨៨% ។

ប្រទេសដែលកម្ពុជាបាននាំចេញទៅច្រើនជាងគេ គឺសហរដ្ឋអាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា អង់គ្លេស អាល្លឺម៉ង់ អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ មួយចំនួនទៀត។

ចំណែកការនាំចូលទំនិញពីបរទេសវិញ មានចំនួនខ្ពស់ជាងការនាំចេញ។ ការនាំទំនិញចូលជាង ១១ពាន់លានដុល្លារ រយៈពេល៥ខែដើមឆ្នាំនេះ ត្រូវគេរាយការណ៍ថា បានកើនឡើង ១៣.៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោករដ្ឋលេខាធិការ ប៉ែន សុវិជាតិ បានថ្លែងថា ការនាំចេញរបស់កម្ពុជា នៅតែមានកំណើនល្អ ហើយការបញ្ជាទិញ នៅតែមានបើទោះបីជាមានការកាត់បន្ថយតិចតួច ដោយសារតែកម្ពុជា បានផលិតប្រភេទទំនិញចាំបាច់មួយចំនួន ដូចជាសម្លៀកបំពាក់, ស្បែកជើង, កង់, កសិផលអង្ករ ដែលធ្វើឲ្យប្រទេសនាំចូល នៅតែបន្តនាំចូល៕

ads banner