ប្រជាពលរដ្ឋជាងពីពាន់គ្រួសារនៃក្រុងបាត់ដំបង និងស្រុកថ្មគោលនឹងទទួលបានទឹកស្អាតប្រើប្រាស់

បាត់នៅក្នុងឆ្នាំ២០២៤នេះ រដ្ឋាករទឹកបាត់ដំបងនឹងខិតខំបន្តពង្រីកបណ្តាញចែកចាយទឹកស្អាតរដ្ឋចូលទៅកាន់សង្កាត់និងឃុំចំនួនពីរក្នុងខេត្តបាត់ដំបង រួមមានសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបងមានចំនួន៥ភូមិ និងឃុំជ្រៃ ស្រុកថ្មគោល មានចំនួនពីរភូមិ។យ៉ាងហោចណាស់មានប្រជាពលរដ្ឋជាង ២ ០០០គ្រួសារ នឹងទទួលបានទឹកស្អាតប្រើប្រាស់ពីការភ្ជាប់បណ្តាញនេះ ។

ឯកឧត្តម អ៊ុតក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបងបានប្រាប់ទូរទស្សន៍អប្សរានៅដើមសប្ដាហ៍នេះថា បច្ចុប្បន្នការផ្គត់ផ្គង់ទឹកស្អាតរបស់ស្ថានីយទាំងពីរនៃរដ្ឋាករទឹកបាត់ដំបង បានចែកចាយនិងភ្ជាប់តំណរបណ្តាញទឹកស្អាតនៅក្នុងទីប្រជុំជនគោលដៅបានចំនួន៨៥ភូមិ លើគោលដៅ៩៩ភូមិក្នុងស្រុក ចំនួនពីនិងក្រុងមួយស្មើគ្រួសារប្រមាណជាងបីម៉ឺនគ្រួសាររួចមកហើយ។តែតម្រូវការរបស់ពលរដ្ឋនៅក្នុងមូលដ្ឋានគោលដៅចែកចាយនៅមិនទាន់សម្រេចក្នុងផែនការផ្គត់ផ្គង់ជូនបងប្អូន បាននៅឡើយ។

លោកបន្តថា ដោយពិនិត្យឃើញពីការលំបាករបស់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់គោលដៅផ្គត់ផ្គង់ និងពិនិត្យពីលទ្ធភាព ដែលរដ្ឋាករទឹកអាចធ្វើការពង្រីកបណ្តាញភ្ជាប់តំណរទឹកបន្ថែមទៅកាន់តំបន់ថ្មីបាន នៅដើមឆមាសទី២នេះ រដ្ឋាករទឹកបាត់ដំបង បាននិងកំពុងតែពង្រីកបណ្តាញទៅភ្ជាប់ជូនប្រជាពលរដ្ឋក្នុងសង្កាត់អូរម៉ាល់និងឃុំជ្រៃ បានប្រើប្រាស់បន្ថែមទៀត។

លោក ភិន ពឿត មេភូមិវត្តរការ ស្ថិតក្នុងសង្កាត់អូរម៉ាល់ តំណាងពលរដ្ឋដែលស្ថិតក្នុងគោលដៅបានបង្ហាញពីអារម្មណ៍ត្រេកអរយ៉ាងខ្លាំង ។

សូមជម្រាបថា កន្លងមកនេះ ខេត្តបាត់ដំបងមានស្ថានីយផលិតទឹកស្អាត ចំនួនពីរកន្លែង និងផលិតបានជាង ៣០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃដោយគ្របដណ្តប់លើភូមិចំនួន៨៥ភូមិ ក្នុងចំណោមភូមិគោលដៅសរុបចំនួន៩៩ភូមិស្ថិតក្នុងស្រុកចំនួនពីរនិងក្រុងមួយ។ ខណៈដែលគម្រោងសាងសង់ស្ថានីយផលិតទឹកស្អាតទី៣កំពុងតែដំណើរការសាងសង់យ៉ាងមមាញឹក ដែលអាចមានសមត្ថភាពក្នុងការផលិតទឹកស្អាតបន្ថែមទៀត ប្រមាណ៥ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដើម្បីធានាក្នុងការផ្គត់ផ្គង់និងចែកចាយទឹកទៅកាន់តំបន់ផ្សេងៗ បន្ថែមទៀតក្រោយពីបញ្ចប់ការដ្ឋានរួចរាល់និងចាប់ដំណើរការក្នុងការផលិត៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner