ខេត្តជាប់សមុទ្រទាំងបួន ត្រូវសហការគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងប្រទេស

កំពត៖ ខេត្តជាប់សមុទ្រទាំងបួន ត្រូវសហការគ្នា ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៅក្នុងប្រទេស ។ នេះការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅដល់ខេត្តជាប់សមុទ្រចំនួន ៤ នៅកម្ពុជារួមមាន កំពត កែប ព្រះសីហនុ និងកោះកុង សហការគ្នាដើម្បីជំរុញទៅដល់វិស័យទេសចរណ៍និងសេដ្ឋកិច្ចនៅក្នុងប្រទេស។

សម្ដេចធិបតីថា ការធ្វើការសហការបានផ្ដល់ប្រយោជន៍ជាងការប្រកួតប្រជែង ។ សម្ដេចជំរុញទៅដល់ខេត្តទាំង៤ ធ្វើការជាមួយគ្នាផ្ដោតទៅលើវិស័យផ្សេងៗដើម្បីទាក់ទាញអ្នកទេសចរណ៍និងអ្នកវិនិយោគមកកាន់ខេត្តទាំងបួននេះ ។

សូមជម្រាបថា តំបន់ឆ្នេរ នៃប្រទេសកម្ពុជាមាន៤ខេត្តបញ្ចូលគ្នា គឺខេត្តកោះកុង ខេត្តកំពត ខេត្តព្រះសីហនុ នឹងខេត្តកែប ។ ខេត្តទាំង៤នេះ មានទីតាំងជាប់និងសមុទ្រកម្ពុជា ដែលមានប្រវែង៤៤០គីឡូម៉ែត្រ ។ តំបន់ឆ្នេរប្រទេសកម្ពុជា គឺត្រូវបានកំណត់យកខេត្តព្រះសីហនុ ជាចំណុចកណ្តាល ដែលមានចំងាយ ២៦៣គីឡូម៉ែត្រ ពីរាធានីភ្នំពេញ ។ ខេត្តទាំងបួននោះមានភោគទ្រព្យទេសចរណ៍ធម្មជាតិទាក់ទាញភ្ញៀវទេសចរណ៍សំខាន់ៗជាងគេ គឺ ឆ្នេរសមុទ្រខ្យល់អាកាសបរិសុទ្ធ ព្រៃភ្នំ ព្រៃកោងកាង ទឹកធ្លាក់ ជាដើម ។

ខេត្តចំនួន៤ នៃតំបន់ឆ្នេរសមុទ្រកម្ពុជា បាននិងកំពុងបង្ហាញពីសក្ដានុពលនៃការទាក់ទាញអ្នកវិនិយោគទៅបណ្ដាក់ទុនបន្ថែមទៀត ស្របពេលរាជរដ្ឋាភិបាលក៏បានកំណត់យកខេត្តនៃតំបន់សមុទ្រជាគោលដៅវិនិយោគរបស់ខ្លួនផងដែរ ។ ក្នុងនោះដែរ ខេត្តព្រះសីហនុ ត្រូវបានមើលឃើញថា មានភាពលេចធ្លោរ និងទទួលបានការវិនិយោគច្រើនជាងគេទៅហើយ ជាពិសេស វិនិយោគិនមកពីប្រទេសចិន ។

ខេត្តកោះកុង ក៏ទទួលបានគម្រោងវិនិយោគធំៗដែរក្នុងរយៈពេលកន្លងមកនេះ ដូចជា៖ គម្រោងវិនិយោគទៅលើតំបន់វិស្សមកាលតារាសាគររបស់វិនិយោគិនចិន ហើយថ្មីៗនេះ ក៏មានគម្រោងវិនិយោគពីបរទេសជាច្រើនទៀត កំពុងសម្លឹងទៅរកការវិនិយោគក្នុងខេត្តមួយនេះដែរ ។

ក្រលេកទៅមើលខេត្តកំពត និងខេត្តកែប ក៏មានគម្រោងវិនិយោគច្រើនដែរចូលទៅដាក់ទុន ជាពិសេសទៅលើគម្រោងវិនិយោគតំបន់លំហែកាយ ដោយមានក្រុមហ៊ុនក្នុងស្រុកជាច្រើន បានចូលទៅដាក់ទុនក្នុងការវិនិយោគលើរីសត ដីឡូត៏លំហែកាយ និងផ្ទះលំហែជាដើម ។

លោក កែវ សុជាតិ ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពត បានអះអាងថា នៅក្នុងខេត្តកំពត មានគម្រោងវិនិយោគមួយចំនួនបានក្លាយជាធ្នាក់ក្នុងការទាក់ទាញអ្នកវិនិយោគពីក្នុង និងក្រៅប្រទេសជាច្រើនទៀត ចូលមកបណ្ដាក់ទុនវិនិយោគ ក្នុងនោះយើងមានកំពង់ផែទេសចរណ៍អន្តរជាតិ និងកំពង់ផែពុបំណងខេត្តកំពត មានគម្រោងសាងសង់អគារខ្ពស់របស់វិនិយោគិនក្នុងស្រុក និងគម្រោងវិនិយោគលំនៅឋានលំហែកាយដ៏ធំបែបប្រណីតជាដើម ។ ក្រៅពីនេះ ខេត្តកំពត ក៏មានរមណីយដ្ឋានទេសចរណ៍ជាច្រើនទៀតដែលអាចទាក់ទាញការវិនិយោគពីក្នុងនិងក្រៅប្រទេសបន្ថែមផងដែរ ។

បច្ចុប្បន្ននេះ ផ្លូវ២ខ្សែ ក៏បានធ្វើឱ្យខេត្តនៃតំបន់សមុទ្រកាន់តែខិតជិតគ្នាដូចជា៖ ផ្លូវជាតិលេខ៤៣ និងផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ៤ មកកាន់រមណីយដ្ឋានបូកគោផ្ទាល់តែម្ដង ។ តាមរយៈផ្លូវទាំង២នេះ នឹងធ្វើឱ្យខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប កាន់តែជិតគ្នា សម្រួលដល់ការធ្វើដំណើររបស់វិនិយោគិន ទេសចរ និងប្រជាពលរដ្ឋដែលត្រូវការទៅកាន់ទឹកដីនៃខេត្តទាំងនោះ ជាពិសេស ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក៏ជាសក្ដានុពលដ៏ធំផងដែរ ។

ជាមួយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច បានដាក់ចេញផែនការមេ សម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ជាពិសេស ខេត្តព្រះសីហនុ ដែលជំរុញឱ្យមានការភ្ជាប់ជើងហោះហើរជាមួយតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់ និងពង្រឹងសន្តិសុខ សុវត្ថិភាព ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីទាក់ទាញទេសចរ និងការវិនិយោគ ។

សម្ដេចថា ខេត្តជាប់មាត់សមុទ្រ បើអភិវឌ្ឍន៍ឱ្យបានត្រឹមត្រូវ នឹងនាំមកនូវសេដ្ឋកិច្ចជាតិច្រើនណាស់ ជាពិសេស ខេត្តព្រះសីហនុ ដែលជាខេត្តមានសក្តានុពលធំធេងសម្រាប់ជាតិកម្ពុជា ។ សម្ដេច បានជំរុញឱ្យមានការគិតគូររួម កុំឱ្យគិតគូរដាច់ដោយដុំ ត្រូវគិតគូរជាកញ្ចប់ ជាមាត្រដ្ឋាន។ បើយើងគិតតែខេត្តព្រះសីហនុ យកខេត្តបីទៀតជាគូប្រជែង យើងអត់យកសក្ដានុពលបានទេ។ យើងត្រូវយកខេត្ត៤របស់យើង ជាជាប់សមុទ្រ ប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ ។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានណែនាំឱ្យរៀបចំ និងពិនិត្យគិតគូរអំពីកំពង់ផែសមុទ្រក្នុងខេត្តទាំង៤ ដោយត្រូវធ្វើយ៉ាងណាឱ្យប្រទាក់ក្រឡាគ្នា តែមិនប្រកួតប្រជែងគ្នានោះទេ ហើយមានគោលដៅរួមដូចគ្នា គឺប្រកួតប្រជែងជាមួយប្រទេសជិតខាង ហើយត្រូវបែងចែកគ្នាឱ្យច្បាស់ថា កំពង់ផែណាសម្រាប់ទេសចរណ៍ និងកំពង់ផែណាសម្រាប់ទំនិញ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner