សម្តេចតេជោ៖ សូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ!
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ មានកាសែតបរទេសមួយចុះផ្សាយអំពីប្រទេសអាស៊ីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ គេខិតខំទម្លាក់កំហុសឱ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។ សូមកុំព្យាយាមទម្លាក់កំហុសឱ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រ នយោបាយប្រឆាំងចិនទៅ។ នេះបើយោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោបានបន្តថា “កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម ខ្ញុំក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្ស៊ី មិនត្រូវបានអញ្ជើញឱ្យចូលរួម។ ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្ស៊ីនឹងវាយខ្លាំងលើសមរភូមិយោធា។ ខ្ញុំក៏និយាយបែបនេះទៅកាន់អគ្គនាយក CIA នៅថ្ងៃ២ មិថុនា និងរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្ងៃ៤ មិថុនា ពេលពួកគាត់មកជួបជាមួយខ្ញុំ។ តើសម្ដីបែបនេះ ចិនណែនាំឱ្យខ្ញុំនិយាយ ឬកម្ពុជាមានសិទ្ធិនិយាយ? “។
សម្តេចតេជោបញ្ជាក់ថា “កម្ពុជាជារដ្ឋឯករាជ្យ ហើយខ្ញុំបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់ខ្ញុំមិនធ្លាប់លឺ មេដឹកនាំចិនណាម្នាក់ និយាយមកកាន់ខ្ញុំឱ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិនឡើយ។ ផ្ទុយទៅវិញពួកអ្នកដែលនិយាយថា កម្ពុជាធ្វើតាមចិនទៅវិញទេ ដែលតែងតែមកដាក់ការគាបសង្កត់ឱ្យកម្ពុជាធ្វើតាមខ្លួនរហូតប៉ះទង្គិចសម្ដីជាមួយខ្ញុំជាញឹកញាប់។ ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។ ឯប្រទេសផ្សេងទៀតចូលរួមឬមិនចូលរួម វាជាសិទ្ធិរបស់ប្រទេសទាំងនោះ។ សូមកុំព្យាយាមទម្លាក់កំហុសឱ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ”៕
ដោយ៖ពលជ័យ