ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋ ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង

(ភ្នំពេញ)៖ ក្រុមប្រឹក្សាខេត្តព្រៃវែង ទាំង ២៧រូប ក្នុងនោះ ឯកឧត្តម ស្បោង សារ៉ាត ជាប្រធានក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ត្រូវពិគ្រោះយោបល់ និងពិភាក្សាអំពីការបែងចែកភារកិច្ចក្នុងការចូលរួមធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រកាសក្រុមប្រឹក្សាក្រុង ស្រុក ឱ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍ច្បាប់កំណត់ និងបន្តការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្មេងទំនើង ល្បែងស៊ីសង ការជួញដូរមនុស្ស អាវុធជាតិផ្ទុះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសគឺក្រុមប្រឹក្សា សហការជាមួយគណៈអភិបាល ត្រូវប្រែក្លាយខ្លួនជាអ្នកបម្រើប្រជាជនសម័យកាលឌីជីថល ពោលគឺលឿនរហ័ស មានប្រសិទ្ធភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាជនក្នុងមូលដ្ឋាន ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ហេតុនេះ ក្រុមប្រឹក្សាទាំងអស់ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ពិសេសគឺមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ ។

នៅរសៀលថ្ងៃដដែលនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដើម្បីបូកសរុបវឌ្ឍនភាពការងារប្រចាំត្រីមាស និងលើកទិសដៅការងារបន្តរបស់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងទាំងអស់ត្រូវសិក្សាស្រាវជ្រាវ តាមដាន និងវាយតម្លៃសមិទ្ធផលការងារ នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។

គួរបញ្ជាក់ជូនថា ការចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាល គឺជាយន្តការមួយក្នុងការជួយជំរុញសកម្មភាពចុះមូលដ្ឋានរបស់មន្ត្រីថ្នាក់ក្រោមជាតិ និងការជួយដោះស្រាយបញ្ហាប្រឈមមួយចំនួន សំដៅជួយលើកកម្ពស់ប្រសិទ្ធភាពការងារ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner