សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាល ឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃ ទី ១០ ខែមិថុនា ឆ្នាំ២០២៤ ។

សាលាភូមិន្ទរដ្ឋបាល ជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ដែលមានបេសក កម្មពិសេសសំខាន់ៗចំនួន៣ ក្នុងការគាំទ្រ ដល់ការអភិវឌ្ឍធនធានមនុស្ស ឱ្យឆ្លើយតប តម្រូវ ការអភិវឌ្ឍជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងនោះ រួមមាន៖ ១) ជ្រើសរើស និងបណ្តុះបណ្តាលសិស្ស មន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលដំបូង ដល់មន្ត្រីដែលទើបបានជ្រើសរើសថ្មីក្នុងក្របខណ្ឌនៃវិស័យរដ្ឋបាល, ២) រៀបចំផ្តល់ការបណ្តុះបណ្តាលបន្ត តាមរយៈវគ្គវិក្រឹតការ ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី សន្និសីទ សិក្ខាសាលា និងការរៀបចំកម្មវិធីចែករំលែកចំណេះដឹង បទពិសោធពាក់ព័ន្ធវិស័យសាធារណៈដល់សិស្ស និស្សិត មន្ត្រីរាជការ មន្ត្រីសាធារណៈ ក៏ដូចជាមន្ត្រីដទៃទៀត និងទី៣) ធ្វើការសិក្សាស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយនវានុវត្តន៍ និងឧត្តមានុវត្តលើផ្នែកគោលនយោបាយសាធារណៈ ការគ្រប់គ្រងសាធារណៈ រដ្ឋបាល សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទំនាក់ទំនងអន្តរជាតិ។

សាលាភូមិន្ទរដ្ឋបាល សម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ជាបន្តបន្ទាប់ សម្រាប់ការអនុវត្តសកម្មភាពអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសាធារណៈ ដោយចាប់តាំងពីការបើកឱ្យដំណើរការឡើងវិញ រយៈពេលជាង៣០ឆ្នាំមកនេះ ពោល គឺចាប់ពីឆ្នាំ១៩៩២ មកដល់ ឆ្នាំ២០២៣ សម្រេចបាននូវការបណ្តុះបណ្តាល មន្រ្តីរាជការ ទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សា រយៈពេលខ្លីសរុប២៣,៨១៨ នាក់ (នារី ៥.០១៧ នាក់)។

ទន្ទឹមនេះ ក្នុងឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាល បានបើកវគ្គបណ្តុះបណ្តាលបន្តសម្រាប់កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់, មន្ត្រីគ្រប់គ្រងរដ្ឋបាល, មន្ត្រីមធ្យម, មន្ត្រីក្រមការ ដែលមានចំនួនសរុប ៣៩៣ អង្គ/នាក់ (នារី ៨២នាក់)។ បន្ថែមលើចំនួនខាងលើ សាលាភូមិន្ទរដ្ឋបាលបាន និងកំពុងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីក្របខណ្ឌថ្មី ឆ្នាំ២០២៣ មកពីក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន២,០២៤នាក់ (នារី ៨៧៩នាក់) វគ្គបណ្តុះបណ្តាល រយៈពេលខ្លី សរុបចំនួន ៦០៣នាក់ (នារី ១៦៦) និងវគ្គផ្សេងៗទៀតក្នុងក្របខណ្ឌជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ គ្រឹះស្ថានបណ្តុះបណ្តាលអន្តរជាតិ និងដៃគូអភិវឌ្ឍផងដែរ។

ដើម្បីឆ្លើយតបនឹងគោលបំណងនៃ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ក្នុងន័យនេះ ដើម្បីរួមចំណែកឱ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យសាធារណៈ សាលាភូមិន្ទរដ្ឋបាលនឹងបន្តពង្រឹង និងពង្រីកកិច្ចសហការល្អជាមួយក្រសួង-ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតការយកចិត្តទុកដាក់ លើការរៀបចំ និងបើកវគ្គបណ្តុះបណ្តាល ឱ្យឆ្លើយតបនឹង សេចក្តីត្រូវការនៃការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ឈរលើបាវចនា វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner