បង្ក្រាបគ្រឿងញៀនជិតមួយគីឡូក្រាម និងឃាត់ខ្លួនមនុស្សចំនួនពីរនាក់នៅក្នុងឃុំពាម
កំពង់ឆ្នាំង៖ជនជាប់សង្ស័យចំនួនពីរនាក់ ជាមួយវត្ថុតាងថ្នាំញៀនជិតមួយគីឡូក្រាម ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះដើម្បីចាត់ការតាមនីតិវិធី។
លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកបទល្មើសប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការដ្ឋាននគរបាលខេត្តដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង១២:៤០រសៀលថ្ងៃទី១០ ខែមិថុនាកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបគ្រឿងញៀនមួយករណី ឃាត់ខ្លួនបុរសជាជនសង្ស័យចំនួនពីនាក់នៅស្រុកសាមគ្គីមានជ័យ។ជនសង្ស័យឈ្មោះថេង ធី អាយុ៣១ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិច្រកស្តេច ឃុំពាម ស្រុកសាមគ្គីមានជ័យនិងឈ្មោះ សុខ សារ៉ន អាយុ៤៣ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច។
ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចរកឃើញវត្ថុតាងថ្នាំញៀនចំនួន១៤កញ្ចប់ ធំ ៣កញ្ចប់ ទម្ងន់ជិតមួយគីឡូក្រាម ទូរសព្ទដៃពីរគ្រឿង ម៉ូតូមួយគ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួនទៀត៕
ដោយ៖សុខ គឹមសៀន