គ្រោះរញ្ជួយដីក្នុងកម្រិត ៤.៨រ៉ិកទ័រ វាយប្រហារកូរ៉េខាងត្បូង
សេអ៊ូល៖ ទីភ្នាក់ងារអាកាសធាតុកូរ៉េខាងត្បូងបានរាយការណ៍ថា គ្រោះរញ្ជួយដីក្នុងកម្រិត ៤.៨រ៉ិកទ័របានវាយប្រហារភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ ភ្លាមៗ នៅពុំទាន់មានរបាយការណ៍ពីទំហំនៃការខូចខាតនៅឡើយទេ។
យោងតាមរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានវាយប្រហារនៅចម្ងាយ ៤គីឡូម៉ែត្រភាគខាងត្បូងនៃស្រុក Buan ដែលមានចម្ងាយប្រហែល ២០៥គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូល នៅម៉ោង ៨៖២៦នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់)។
សារជូនដំណឹងមួយត្រូវបានផ្ញើទៅកាន់ពលរដ្ឋទូទាំងប្រទេស ដោយណែនាំដល់ប្រជាជននៅតំបន់រងផលប៉ះពាល់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះវត្ថុដែលអាចដួលរលំ ដោយសារការញ័ររញ្ជួយ។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក Han Duck-soo បានណែនាំរដ្ឋាភិបាលឱ្យអនុវត្តវិធានការហ្មត់ចត់ និងឆាប់រហ័ស ដើម្បីឆ្លើយតបនឹងគ្រោះរញ្ជួយដីនេះ។
សេចក្តីរាយការណ៍ក្នុងស្រុកបានរាយការណ៍ថា សំលេងរំខាន និងការញាប់ញ័រក៏បានកើតឡើងនៅក្នុងទីក្រុង Sejong, Daejeon និង Cheonan ផងដែរ។ សមត្ថកិច្ចក្នុងតំបន់បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមិថុនានេះ នៅពុំទាន់មានការខូចខាតអ្វីធ្ងន់ធ្ងរនៅឡើយទេ។
គួរបញ្ជាក់ថា មិនដូចជប៉ុនដែលជាប្រទេសជិតខាងទេ ឧបទ្វីបកូរ៉េកម្រជួបប្រទះគ្រោះរញ្ជួយដីខ្លាំងណាស់។ គ្រោះរញ្ជួយដីខ្លាំងបំផុតរបស់ប្រទេសកូរ៉េខាងត្បូង គិតមកទល់ពេលបច្ចុប្បន្ន គឺមានតែគ្រោះរញ្ជួយក្នុងកម្រិត ៥.៨រ៉ិកទ័រប៉ុណ្ណោះ ដែលបានវាយប្រហារទីក្រុង Gyeongju នៅភាគអាគ្នេយ៍ កាលពីខែកញ្ញា ឆ្នាំ ២០១៦៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា
4.8-magnitude earthquake strikes southern South Korea