អ្នកជំនាញកំពុងកំណត់អត្តសញ្ញាណថ្មប្រាសាទភ្នំបាខែង ដែលធ្លាក់រាយប៉ាយ ដើម្បីជួសជុលឡើងវិញ
ភ្នំពេញ៖ប្រាសាទភ្នំបាក់ខែង ជាទីនែ្លងដែលភ្ញៀវទេសចរបរទេស តែងតែមកពពាក់ពពូនគ្នា មុនពេលដែលពួកគេត្រូវបញ្ចប់ ដំណើរទេសចរនៅលើទឹកដី ខេត្តសៀមរាប មុនពេលដែលរាត្រីកាលមកដល់នោះ ដើម្បីមើលថៃ្ងលិច និងមើលទេសភាព នៅតំបន់អង្គរស្ទើរតែទាំងមូល។ខណៈនេះអ្នកជំនាញកំណត់អត្តសញ្ញាណថ្មប្រាសាទភ្នំបាខែង ដែលធ្លាក់រាយប៉ាយដើម្បីជួសជុលប្រាសាទឡើងវិញ ។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែមិថុនា នេះក្រុមអ្នកជំនាញស្វែងរកថ្មប្រមាណ១០នាក់ រួមគ្នាប្រឹងប្រែងស្វែងរកថ្មទាំងនៅតាមបរិវេណប្រាសាទ និងនៅក្នុងព្រៃនៃជម្រាលភ្នំ ដើម្បីយកថ្មដែលចល័តខុសពីតាំងដើមទាំងនោះមកជួសជុល និងរៀបចំផ្គុំនៅទីតាំងដើមឡើងវិញ។
លោក អ៊ុម ណារិទ្ធ ប្រធានក្រុមការងាររកថ្ម នៅការដ្ឋានជួសជុលប្រាសាទភ្នំបាក់ខែងឱ្យដឹងថា ការងារស្វែងរកថ្មដែលរលុះធ្លាក់រាយប៉ាយជុំវិញប្រាសាទភ្នំបាខែងមានបីប្រភេទ ក្នុងនោះមានថ្មជញ្ជាំងប្រាសាទកណ្តាល (ប្រាង្គពីរ៉ាមីត) ថ្មតួប៉មប្រាសាទតូចៗតាមថ្នាក់នីមួយៗ និងថ្មខឿនប្រាសាទឥដ្ឋ និងត្រូវកំណត់អត្តសញ្ញាណ រួមទាំងបែងចែកប្រភេទថ្មតាមរចនាសម្ពន្ធប្រាសាទ ក្រោយពីរកឃើញ។ ក្រៅពីនេះ ក្រុមការងារត្រូវប្រមូលថ្មនៅជម្រាលភ្នំ ដែលត្រូវបានគេប្រមូលយកមករក្សាទុកក្នុងបួនសម័យកាលចាប់តាំងពីសម័យបារាំង គឺយកតែថ្មណាដែលមិនមានក្បាច់ ឬមិនអាចកំណាត់អត្តសញ្ញាណបាន យកទៅប្រើប្រាស់ជំនួសថ្មដែលបាត់បង់ប៉ុណ្ណោះ។
អ្នកជំនាញរូបនេះបន្តថា ក្រុមការងារបានខិតខំអស់ពីលទ្ធភាពក្នុងការស្វែងរកថ្មមកដាក់ទីតាំងដើមវិញ ហើយក្នុងចំណោមទាំងនោះ មានថ្មតួប៉មប្រាសាទតូចៗខ្លះ ដែលបានរលុះធ្លាក់សល់ពី៥០ ទៅ៦០ដុំ ហើយក្រុមការងារបានរកឃើញប្រមាណ៧០ទៅ៨០ភាគរយ បានមកផ្គុំឡើងវិញ។
លោក សំ ឆើត ជាអ្នកជំនាញរកថ្មម្នាក់ក្នុងចំណោមក្រុមការងាររកថ្មបាននិយាយថា លោកពិតជាមានមោទកភាពដែលបានចូលរួមជួសជុលប្រាសាទបុរាណភ្នំបាខែងនេះ។ តាមរយៈបទពិសោធន៍ជាង១០ឆ្នាំ ធ្វើការជួសជុលនៅប្រាសាទ ធ្វើឱ្យលោកស្គាល់ប្រភេទថ្មនីមួយៗដែលរលុះធ្លាក់ចេញពីទីតាំងដើម។ លោកបន្ថែមថា ការងារនេះជោគជ័យ គឺការសហការល្អនៅក្នុងក្រុម បើទោះបីការងារនេះមានភាពស្មុគស្មាញខ្លាំង។ រីឯការរើជញ្ជូនថ្មពីគំនរនៅជម្រាលភ្នំវិញ ក៏ត្រូវការពេលវេលាយូរ ដើម្បីធ្វើតាមបច្ចេកទេសត្រឹមត្រូវ គឺអាចជញ្ជូនបានតែពីបីទៅបួនដុំក្នុងមួយថ្ងៃ។
សូមជម្រាបថា ប្រាសាទភ្នំបាខែងត្រូវបានកសាងនៅឆ្នាំ៩០៧នៃគ.ស ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយ ដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈ ឬអង្គរទី១ហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ។ ចាប់ពីជើងភ្នំរហូតដល់កំពូលនៃប្រាសាទមានកម្ពស់ ៧៨ម៉ែត្រ ប្រាសាទនេះស្ថិតនៅចន្លោះភ្នំពីរទៀតដែរគឺ ភ្នំក្រោម និងភ្នំបូក[១]។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ដែលគេចាត់ទុកជា ប្រាសាទភ្នំមានតួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់។ ប្រាសាទនេះស្ថិតនៅខាងឆ្វែងដៃផ្លូវពី ប្រាសាទអង្គរវត្តទៅ ប្រាសាទបាយ័ន ជាកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើននៅពេលថ្ងៃលិច។ ប្រាសាទនេះកសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ នៅរាជព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) ដែលគោរពព្រហ្មញ្ញសាសនា។ ភ្នំបាខែងមានកំពស់ ៦៥ម៉ែត្រ។
ប្រាសាទភ្នំបាខែងមានកំពូល ១០៩ និងមានកំពស់ ៤៥ម៉ែត្រ។ ប្រាសាទនេះតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមាន៧ជាន់ គឺជាន់ក្រោម ថ្នាក់ទាំងប្រាំ និងជាន់លើ ដែលតំណាងឱ្យឋានសួគ៌៧ជាន់របស់ ព្រះឥន្ទនៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនា។ កនែ្លងដែលភ្ញៀវទេសចរបរទេស តែងតែមកពពាក់ពពូនគ្នា មុនពេលដែលពួកគេត្រូវបញ្ចប់ ដំណើរទេសចរណ៍នៅលើទឹកដី ខេត្តសៀមរាប មុនពេល ដែលរាត្រីកាលមកដល់នោះ គឺប្រាសាទភ្នំបាខែង ទីនោះគឺជាទីប្រជុំនូវភ្ញៀវទេសចរ រាប់រយនាក់ក្នុងមួយថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាព នៅតំបន់អង្គរស្ទើរតែទាំងមូល ៕
ដោយ៖មុនី