សម្ដេចតេជោ ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកភាពគ្នាថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ ត្រូវមានការចរចា

(ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ កម្ពុជា បានឯកភាពគ្នាថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ ត្រូវមានការចរចា។ សម្ដេចក៏កំពុងតាមដានមើលលទ្ធផល នៃកិច្ចប្រជុំកំពូល ស្ដីពីសន្តិភាព អ៊ុយក្រែន នៅទីក្រុងហ្សឺណែវ ដែលពុំមានភាគីពាក់ព័ន្ធផ្ទាល់ក្រៅពីអ៊ុយក្រែនចូលរួម ជាពិសេសរុស្ស៊ី ។

ឯកអគ្គរដ្ឋទូត លើកឡើងថា សហភាពអឺរ៉ុប និងកម្ពុជា មានទំនាក់ទំនងយូរអង្វែង ហើយមានកិច្ចព្រមព្រៀងជាច្រើន ជាពិសេសក្នុងទំនាក់ទំនងពាណិជ្ជកម្ម ដែលមានទំហំជាង៥ ពាន់លានអឺរ៉ូ។ ឯកឧត្តមបន្តថា ការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈកម្មការអឺរ៉ុបមកកម្ពុជាកាលពីខែមីនាកន្លងទៅនេះ បានចុះកិច្ចព្រមព្រៀងជាច្រើន ក្នុងការជំរុញទំនាក់ទំនងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកោតសរសើរសម្ដេចតេជោ និងកម្ពុជាដែលមានជំហរឯករាជ្យនៅលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងកោតសរសើរសម្ដេចក្នុងការប្រឹងប្រែងរកសុខសន្តិភាពនៅមីយ៉ាន់ម៉ាផងដែរ។ ក្នុងនាមឯកឧត្តម ជាប្រេសិតពិសេសសហភាពអឺរ៉ុបប្រចាំនៅមីយ៉ាន់ម៉ាដែរនោះ ឯកឧត្តមបានបញ្ជាក់ពីការសារៈសំខាន់នៃគុណតម្លៃនានាដូចជា សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងលំហសេរីភាពបញ្ជ្ចញមតិ សម្រាប់សហភាពអឺរ៉ុប និង ពីការស្វែងរកដំណោះស្រាយដើម្បីនាំមីយ៉ាន់ម៉ាទៅរកប្រក្រតីភាពឡើងវិញ។

សម្ដេចតេជោបានសម្ដែងនូវមោទនភាព ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុបក្នុងរយៈពេលប្រមាណជាង៣០ឆ្នាំកន្លងមកនេះ។ ទំហំពាណិជ្ជកម្ម ជំនួយ និងការវិនិយោគផ្សេងៗចេញពីសហភាពអឺរ៉ុបបាននាំមកឱ្យកម្ពុជាបានកសាងប្រទេសនិងរើបម្រាស់ខ្លួន ពីការស្ថានការណ៍លំបាកបន្ទាប់ពីចេញពីរបបប្រល័យពូជសាសន៍ ។ សម្ដេច បន្តថា កម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំង ចំពោះការលើកកម្ពស់ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជាមួយសហភាពអឺរ៉ុប និងអរគុណសហភាពអឺរ៉ុបដែលបានជួយកម្ពុជា ក្នុងការស្ដារប្រទេសជាតិឡើងវិញក្រោយវិបត្តិផ្សេងៗ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ធនធានមនុស្ស និងការបោសសម្អាតមីនជាដើម។

សម្ដេចតេជោ ក៏បានរំលឹកផងដែរថា យើងមានជំនួបពិគ្រោះយោបល់ជាទៀងទាត់ ហើយកម្ពុជា ជាប្រទេសសម្របសម្រួលរវាងអាស៊ាននិងសហភាពអឺរ៉ុប ។ ក្នុងតួនាទីជាប្រទេសសម្របសម្រួលនេះ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ក្នុងឆ្នាំ២០២១ ដោយជោគជ័យ បើទោះបីជា តាមប្រព័ន្ធ Online ដោយសារតែចំពេលវិបត្តិកូវីដ១៩ ក៏ដោយ។

នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានមកបំពេញទស្សនកិច្ចនិងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗនៅកម្ពុជា ហើយ សម្ដេចតេជោក៏ធ្លាប់បានអញ្ជើញទៅទីក្រុងព្រុចសែលធ្វើជាសហប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុបផងដែរ។ លទ្ធផលមួយនៃកិច្ចប្រជុំកំពូលនេះ ផ្តោតលើការព្រមព្រៀងរវាងអាស៊ាននិងសហភាពអឺរ៉ុប ក្នុងការចរចាឈានទៅការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ជាមួយនឹងគោលដៅ ធ្វើឱ្យតំបន់ទាំងពីរមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យ ប្លុកទាំងពីរខិតខំធ្វើការសម្រេចកិច្ចព្រមព្រៀងនេះ ដែលមិនត្រឹមតែសំខាន់ សម្រាប់ការទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំង មានសារៈសំខាន់សម្រាប់មនុស្សជាតិ។

ក្រៅពីទំនាក់ទំនងទ្វេភាគី សម្ដេចតេជោ និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានពិភាក្សាអំពីបញ្ហាតំបន់ និងបញ្ហាអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ លើបញ្ហាមីយ៉ាន់ម៉ា សម្ដេចតេជោ និងឯកឧត្តម ឯកអគ្គរដ្ឋទូតបានសម្ដែង ការព្រួយបារម្ភចំពោះសភាពការណ៍កាន់តែស្មុគស្មាញ ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គម។

សម្ដេចតេជោ និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានឯកភាពគ្នាថា ត្រូវមានដំណោះស្រាយតាមរយៈការចរចាមួយ ដើម្បីឈានទៅបញ្ចប់ភាពទាល់ច្រកនៅមីយ៉ាន់ម៉ា។

សម្ដេចតេជោ បានប្តេជ្ញាចិត្តមិនបោះបង់ក្នុងការជួយដល់មីយ៉ាន់ម៉ា ក្នុងដំណើរស្វែងរកសុខសន្តិភាពនោះឡើយ ដោយត្រូវមានការអំណត់អត់ធន់បន្តិច ដោយសារសភាពការណ៍នៅមីយ៉ាន់ម៉ា នៅតែលំបាកនិងស្មុគស្មាញ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner