កម្ពុជាបន្តសហការជាមួយ ILO លើគម្រោងការងារកាន់តែប្រសើរ ខណៈដែលកម្ពុជា អនុវត្តគម្រោងមួយនេះដំបូងគេ

(ស្វីស)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Roopa Nair ប្រធានកម្មវិធីការងារ​កាន់តែប្រសើរ(Better Work)នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ខណៈដែលឯកឧត្តមចូលរួមកិច្ចប្រជុំ​ប្រចាំឆ្នាំរបស់អង្គការ​អន្តរជាតិខាងការងារ(ILO) នៅប្រទេសស្វីស។

ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃគម្រោងកាន់​តែប្រសើរដែលកម្ពុជា ជាប្រទេសទីមួយនិងដំបូងបង្អស់ដែលអនុវត្ត​គម្រោងការងារកាន់តែប្រសើររបស់អង្គការអន្តរជាតិខាងការងារ ហើយកម្ពុជាក៏នៅតែបន្តអនុវត្ត និងបន្តគាំទ្រគម្រោងដ៏ល្អរបស់ILOជានិច្ច។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីតួនាទីដ៏ចាំបាច់នៃគម្រោង​ការងារកាន់តែប្រសើរក្នុងសង្វាក់ផលិតកម្ម និងការបញ្ជាទិញរបស់កម្ពុជា​ក្នុងទីផ្សារពិភពលោក។

ត្រង់ចំណុចនេះ លោកស្រីប្រធានកម្មវិធីកាន់តែប្រសើររបស់ILO បានលើកឡើងថា កម្ពុជាគឺជាប្រទេសដំបូងក្នុងតំបន់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើរដែលបង្ហាញពីតម្លាភាព និងការអនុវត្តច្បាប់ដ៏ល្អប្រសើរហើយវត្តមាន​របស់កម្ពុជា​ក៏ជាការ​បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងវិស័យវាយនភណ្ឌ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ និងបង្ហាញទស្សនៈវិស័យ និង​ផែនការអាទិភាពជាយុទ្ធសាស្ត្រដែលក្រសួងបាននិងកំពុងដាក់ចេញជាបន្តបន្ទាប់ក្នុងអាណត្តិទី៧ដើម្បីធ្វើយ៉ាងណាឱ្យវិស័យវាយនភណ្ឌរបស់កម្ពុជាកាន់តែប្រសើរឡើងជាលំដាប់បន្ថែមទៀតសម្រាប់ប្រយោជន៍គ្រប់ភាគីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ និងឯកភាពគ្នាលើការបន្តកិច្ច​សហការ និងការគាំទ្រគ្នាទៅវិញទៅមកដើម្បីពង្រឹងសមត្ថភាពគ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុងការបន្តពង្រឹងប្រសិទ្ធភាព និងបរិយាកាសការងារក្នុងទំនាក់ទំនង​វិជ្ជាជីវៈឱ្យកាន់​តែប្រសើរ ដែលជាប្រទេសបានអនុវត្ត​យ៉ាងល្អលើ​គម្រោង​ការងារ​កាន់​តែប្រសើរនៅក្នុងតំបន់ ៕

ប្រភព ៖ ក្រសួងការងារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner