អាជ្ញាធរ ដុតបំផ្លាញគ្រឿងញៀន និងសារធាតុពាក់ព័ន្ធបទល្មើសជាង ៧ពាន់តោន
(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និងគ្រឿងញៀន បានសម្រេចដុតបំផ្លាញគ្រឿងញៀន, សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធបទល្មើស ដែលមានតម្លៃប្រមាណជាង ២២លានដុល្លារនៃការជួញដូរនៅលើទីផ្សារ ដែលសម្រេចរឹបអូសកម្ទេចចោល ជាវត្ថុតាងដែលដកហូតពីសេចក្តីសម្រេចរបស់តុលាការ សាលាដំបូរាជធានីភ្នំពេញ និងដែនសមត្ថកិច្ចរបស់សាលាដំបូង ក៏ដូចជាអយ្យការអមសាលារាជធានីភ្នំពេញ។
ពិធីដុតបំផ្លាញនេះធ្វើឡើង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះស្ថិតក្នុងទីតាំងភូមិសំរោង សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បនគូសបញ្ជាក់ថា វត្ថុតាងដែលត្រូវបានដុតបំផ្លាញ ចំនួន 7.35តោននេះ បែងចែកជា ៣ប្រភេទ ដោយ៖ គ្រឿងញៀន មានទម្ងន់សរុប 2.95 តោន (ពីរ ក្បៀសកៅសិបប្រាំ) ក្នុងនោះ រួមមាន សារធាតុញៀនឈ្មោះ ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អ៊ឹម ដេ អឹម អា MDMA ឬ ថ្នាំគ្រវី, កេតាមីន, នីមេតាហ្សេប៉ាម, កញ្ឆាក្រៀម, កូកាអ៊ីន – សារធាតុគីមី មានទម្ងន់សរុប 3.25 (បី ក្បៀសម្ភៃប្រាំ) តោន- និងសារធាតុគីមី មិនច្បាស់ មានទម្ងន់សរុប 1.14តោន។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានគូសបញ្ជាក់ថា រយៈពេល១៦០ ថ្ងៃនេះ អាជ្ញាធរមានសមត្ថកិច្ច នៅទូទាំងប្រទេស បានបង្រ្កាបបទល្មើសគ្រឿងញៀនបានប្រមាណ ៤ពាន់ករណី ដែលជនល្មើសប្រមាណជា១ម៉ឺននាក់ត្រូវបានចាប់ ឃាត់ខ្លួន ហើយបញ្ជូនទៅតុលាការ ដែលភាគច្រើនជាជនជាតិវៀតណាម ចិន ឡាវ ជាដើម។
ឯកឧត្តម បន្តថា គ្រឿងញៀនទាំងអស់ដែលរឹបអស់បានប្រមាណាជា ៨៥ភាគរយ ដែលចាប់ រឹបអូសបានកន្លងមកនេះ មានប្រភព មកពីតំបន់ត្រីកោណមាស ដែលមិនឆ្ងាយប៉ុន្មានពីប្រទេសកម្ពុជានោះទេ ហើយក្រុមឧក្រិដ្ឋជនមានបណ្តាញច្រើន ក្នុងនោះមានបណ្តាញនៃការផលិត បណ្តាញនៃការដឹកជញ្ជូនឆ្លងកាត់ ពីប្រទេសមួយទៅប្រទេសមួយ និងបណ្តាញពង្រីកទីផ្សារនៃការប្រើប្រាស់ ក៏ដូចជាទីផ្សារនៃការជួញដូរជាដើម ។
ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា គឺជាប្រទេសដែលអ្នកជួញដូរគ្រឿងញៀន ធ្វើការចរាចរណ៍ពីប្រទេសផលិត ធ្វើការឆ្លងកាត់ដើម្បីទៅកាន់ប្រទេសទី៣ ។ ត្រង់ចំណុចនេះ ឯកឧត្តម អគ្គលេខធិការរូបនេះបានគូសបញ្ចាក់ថា ប្រទេសទី៣គឺជាប្រទេស ដែលមានការជួញដូរ និងទីផ្សារមានតំលៃ គុណ២ ឈានទៅដល់ ៤ដង នៃតម្លៃទីផ្សារក្នុងប្រទេសកម្ពុជា ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា