អត្តពលិកជាតិ-អន្តរជាតិ ជាង ៤ពាន់នាក់ ចូលរួមទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង ភ្នំពេញ ឆ្នាំ២០២៤

ភ្នំពេញ អត្តពលិកជាតិ-អន្តរជាតិ ជាង ៤ពាន់នាក់ មកពី ៥៧ប្រទេស ចូលរួមទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១២ ឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង និងដើម្បីអបអរសាទរបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងស្វែងរកថវិកាសប្បុរសធម៌ ។

ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា ឆ្នាំ២០២៤នេះ មានអ្នកចូលរួមរត់ សរុបចំនួន ៤១១០នាក់ ដែលមានអត្តពលិករត់ ២១គីឡូម៉ែត្រ ៦៤៧នាក់, រត់ ១០គីឡូម៉ែត្រ ចំនួន ១៨៧០នាក់, រត់ ៥គីឡូម៉ែត្រ ១៣៣៧នាក់ និងរត់កម្សាន្ត ២គីឡូម៉ែត្រ មាន២៥៦នាក់ ក្នុងនោះអត្តពលិកជាតិចំនួន ៣៤២២នាក់ និងអន្តរជាតិចំនួន ៦៨៨នាក់ ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានថ្លែងអំណរគុណ អត្តពលិកជាតិ និងអន្តរជាតិទាំងអស់ និងក្រុមហ៊ុនឧបត្ថម្ភគាំទ្រ ព្រមទាំងភាគីពាក់ព័ន្ធដែលបានចូលរួមសហការជួយរក្សាសន្តិសុខ សុវត្ថិភាពចរាចរ ដល់កីឡាករ កីឡាការិនីជាតិ-អន្តរជាតិ ក្នុងទិវារត់ប្រណាំងនេះ ដើម្បីថែរក្សាសុវត្ថិភាព និងយោគយល់គ្នាក្នុងការរត់ប្រណាំង ដើម្បីក្តីសប្បាយរីករាយ សុខភាព សាមគ្គីភាព និងមិត្តភាពយូរអង្វែង។

ចំពោះជ័យលាភី រួមមាន ៖ វិញ្ញាសារត់ពាក់កណ្តាលម៉ារ៉តុង ២១គីឡូម៉ែត្រ ផ្នែកបុរស លេខ១ កីឡាករជប៉ុន Saeki Makino, លេខ២ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា , លេខ៣ កីឡាករកម្ពុជា តាគីសាគីគូអាគី ។ ២១គីឡូម៉ែត្រ ផ្នែកនារី លេខ១ កីឡាការិនីកម្ពុជា អ៊ឹង មួយងីម , លេខ២ កីឡាការិនីជប៉ុន Ota Natsuko និងលេខ៣ កីឡាការិនីជប៉ុន Tomoko Okuda ។

វិញ្ញាសា ១០គីឡូម៉ែត្រផ្នែកបុរស លេខ១ កីឡាករកម្ពុជាទាំង៣នាក់ កីឡាករ Lai Terence, Ouk Rohit និង Chorn Sophann ខណៈ១០គីឡូម៉ែត្រផ្នែកនារី លេខ១ បានទៅលើកីឡាការិនីអៀរឡង់ Rachel Murphy, លេខ២ កីឡាការិនីអូស្រ្តាលី Bee Rosel និងលេខ៣ កីឡាការិនីកម្ពុជា Kan Sreyroth ។ ក្រៅពីនោះក៏រកឃើញជ័យលាភីលើវិញ្ញាសា ៥គីឡូម៉ែត្របុរស-នារី និងជ័យលាភីលើវិញ្ញាសារត់កម្សាន្ត២គីឡូម៉ែត្រ សម្រាប់ក្មេងប្រុស-ក្មេងស្រីផងដែរ ៕

អត្ថបទ ៖ ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner