ចិនវ៉ាដាច់អាមេរិក លក់ឡានច្រើនបំផុតជាលើកដំបូង

ប៉េកាំង៖ ក្រុមហ៊ុនផលិតឡានក្នុង ប្រទេស ចិន លក់ឡានបានច្រើនជាងអាមេរិក ជា លើក ដំបូង កាល ពី ឆ្នាំ ២០២៣ ជំរុញដោយក្រុមហ៊ុន BYD នេះបើតាមអ្នកស្រាវជ្រាវនៃក្រុមហ៊ុនស្រាវជ្រាវឡាន Jato Dynamics បញ្ជាក់នៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីពេលថ្មីៗនេះ។

ទិន្នន័យបានបង្ហាញថា ឡានម៉ាកយីហោចិនដែលដឹកនាំដោយក្រុមហ៊ុន BYD ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានលក់ឡានថ្មីចំនួន ១៣.៤លានគ្រឿងកាលពីឆ្នាំ ២០២៣ ខណៈដែលឡានម៉ាកយីហោរបស់អាមេរិកលក់បានប្រហែល ១១.៩លានគ្រឿង។

រីឯឡានម៉ាកយីហោជប៉ុនបាននាំមុខគេលើពិភពលោក ជាមួយនឹងការលក់ ចំនួន ២៣.៥៩លានគ្រឿង។ យោងតាមរបាយការណ៍បានឱ្យដឹងថា កំណើននៃការលក់ឡានរបស់ប្រទេសចិន ក៏បានកើនឡើងលើសពីអាមេរិកផងដែរ ពោលគឺកើនឡើង ២៣ភាគរយ បើធៀបនឹងអាមេរិកមានចំនួនត្រឹម ៩ភាគរយ។

របាយការណ៍បន្ថែមថា ក្រុមហ៊ុនផលិតឡានចិនបានចាប់យកចំណែកទីផ្សារដ៏ធំនៅទូទាំងតំបន់មជ្ឈិមបូព៌ា អឺរ៉ាស៊ី និងអាហ្រ្វិក ហើយក៏បានប្រកាសពីកំណើនលក់នៅអាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍ផងដែរ។ ទន្ទឹមនឹងនេះដែរ ម៉ាកយីហោចិនមួយចំនួនក៏បានចាប់យកចំណែកនៅក្នុងសេដ្ឋកិច្ចអភិវឌ្ឍន៍ផងដែរ រួមមានអឺរ៉ុប អូស្ត្រាលី នូវែលសេឡង់ និងអ៊ីស្រាអែល។

ប៉ុន្តែឧស្សាហកម្មឡានចិនកំពុងប្រឈមមុខនឹងការកើនឡើងពន្ធនាំចេញនៅឆ្នាំ ២០២៤នេះ ដោយប្រទេសជាច្រើនបានអនុម័តវិធានការ ដើម្បីការពារឧស្សាហកម្មក្នុងស្រុក ពីការនាំចូលឡានរបស់ចិនដែលមានតម្លៃថោក។ តួយ៉ាង ថ្មីៗនេះសហភាពអឺរ៉ុបបានប្រកាសដំឡើងពន្ធលើឡានអគ្គិសនីរបស់ចិនរហូតដល់ ៣៨ភាគរយ។

វិធានការនេះកើតឡើងបន្ទាប់ពីអាមេរិកបានដំឡើងពន្ធបួនដងលើឡានអគ្គិសនីរបស់ចិនដល់ ១០០ភាគរយ។ ប្រទេសតួកគីក៏ត្រូវបានគេរាយការណ៍ដែរថា បានប្រកាសយកពន្ធបន្ថែមចំនួន ៤០ភាគរយ លើឡាននាំចូលពីប្រទេសចិន៕ ប្រភព: CNBC ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner