លើកកម្ពស់សមត្ថភាព និងនវានុវត្តន៍របស់សហគ្រិន ពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ និងរីកចម្រើន នៃសេដ្ឋកិច្ច

(ភ្នំពេញ)៖ លើកកម្ពស់សមត្ថភាព និងនវានុវត្តន៍របស់សហគ្រិនពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ និងរីកចម្រើននៃសេដ្ឋកិច្ចប្រកបដោយនិរន្តភាពក្នុងបណ្តាប្រទេសនីមួយៗ ជាពិសេសប្រទេសកម្ពុជាផ្ទាល់។ ការជួយជំរុញគាំទ្រដល់ធុរកិច្ចថ្មី សហគ្រាសធុនតូច និងមធ្យម ត្រូវបានផ្តល់ជាអាទិភាព និងបានចាត់បញ្ចូលជាជ្រុងមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ ដើម្បីជាការរួមចំណែកដល់ការសម្រេចបាននូវមហិច្ឆតារបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសរីកចម្រើននៅឆ្នាំ២០៥០។

នេះគឺជាការលើកឡើងរបស់ លោក ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) ក្នុងជំនួបអតីសិក្ខាកាម និងចែកវិញ្ញាបនបត្រនៃវគ្គបណ្តុះបណ្តាល ដល់ម្ចាស់អាជីវកម្មចំនួន ២១៦នាក់ ដែលបានទទួលវិញ្ញាបនបត្របណ្តុះបណ្តាលជំនាញសហគ្រិនភាព គាំទ្រដោយ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីសិក្ខាកាមបានបញ្ចប់ការសិក្សា វគ្គបណ្តុះបណ្តាលសហគ្រិនភាព ពីជំនាន់ទី២១ ដល់ទី២៩។

លោក ឃឹម លាង បន្តថា ២០ឆ្នាំមកនេះ CJCC បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិស័យឯកជន និងអង្គការនានា តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលផ្នែកសហគ្រិនភាព ការគ្រប់គ្រងធុរកិច្ច និងការផ្គូរផ្គងដៃគូរអាជីវកម្មជាដើម ។

លោក ង៉ន ម៉ អតីតប្រធានក្លឹបសហគ្រិនភាព នៃ CJCC បានឱ្យដឹងថា សហគ្រិននេះ គឺជាការផ្តល់ការសិក្សាទាំងនិងការបង្កើតគំនិតអាជីវកម្ម ដែលត្រូវដឹងថា តើយើងត្រូវធ្វើអាជីវកម្មបែបណាដើម្បីឱ្យមាននិរន្តរភាព និងការរីកចម្រើន។ លោកបន្ថែមថា កាលមិនទាន់បានចូលរៀនវគ្គសហគ្រិនភាពនៅទីនេះ កាលពីបើកអាជីវកម្មគឺបើករៀនតពីគ្នា មានពីឪពុកម្តាយ បងប្អូន មិត្តភ័ក្រ្ត ក៏ប៉ុន្តែមកដល់សម័យកាលឥឡូវនេះ ខុសប្លែកជាងមុនដែលមានការងារជាច្រើនដើម្បីធ្វើអាជីវកម្ម។

បន្ថែមពីលើការប្រគល់សញ្ញាបត្រជូនដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាកម្មវិធីនេះ CJCC ក៏បានផ្តល់ឱកាសដល់អតីតសិក្ខាកាមទាំងអស់អាចកសាងបណ្តាញជាមួយគ្នាផងដែរ ជាពិសេសមជ្ឈមណ្ឌលក៏មានបង្កើតជាក្លឹបសហគ្រិនភាព សម្រាប់ផ្តល់ឱកាសដល់អតីតសិក្ខាកាមទាំងនោះ អាចធ្វើការទំនាក់ទំនងគ្នា ក៏ដូចជាកសាងបណ្តាញអាជីវកម្មផងដែរ ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលសហគ្រិនភាព ជាវគ្គសិក្សាខ្លីមានរយៈពេល ៥ខែ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៥ សម្រាប់ជាថ្នាលផ្តល់ចំណេះដឹង និងជំនាញ ផ្នែកសហគ្រិនភាពជូនដល់ប្រជាជនកម្ពុជា ដែលមានបំណងចង់ក្លាយជាសហគ្រិន ក៏ដូចជាម្ចាស់អាជីវកម្មស្រាប់ ដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួនឱ្យមានស្តងដារ ជាប្រពន្ធ័ត្រឹមត្រូវ។ គិតរហូតមកដល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានបណ្តុះបណ្តាលសហគ្រិន ក៏ដូចជាម្ចាស់ធុរកិច្ចបានប្រមាណជាង ៨៤៦នាក់ រួចមកហើយ តាមរយៈវគ្គបណ្តុះបណ្តាលមួយនេះ ដោយក្នុងមួយវគ្គៗកំណត់ចំនួនសិក្ខាកាមត្រឹមតែ ៤០នាក់ប៉ុណ្ណោះ។

សម្រាប់អ្នកចង់ក្លាយជាសហគ្រិន មជ្ឈមណ្ឌលមានវគ្គបណ្តុះបណ្តាលសហគ្រិនភាព, សម្រាប់អ្នកចាប់ផ្តើមថ្មីធុរកិច្ចដំបូង មជ្ឈមណ្ឌលមានកម្មវិធីពន្លឿនអាជីវកម្ម (Accelerator Program), សម្រាប់ម្ចាស់ និងអ្នកគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម និងវិនិយោគិន ក៏មានវគ្គបណ្តុះបណ្តាលការគ្រប់គ្រងអាជីវកម្ម និងការផ្គូរផ្គងអាជីវកម្ម តាមរយៈសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) ផងដែរ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner