Microsoft ចាយ ៧ពាន់លានដុល្លារ បង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីនៅអេស្ប៉ាញ
ម៉ាឌ្រីដ៖ ក្រុមហ៊ុន Microsoft គ្រោងបោះទុនវិនិយោគប្រមាណ ៧.១៦ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យថ្មីនៅក្នុងតំបន់ Aragon ភាគឦសាននៃប្រទេសអេស្ប៉ាញ ដែលវានឹងក្លាយជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យខ្លោដដ៏សំខាន់នៅក្នុងទ្វីបអឺរ៉ុប។
រដ្ឋាភិបាលក្នុងតំបន់ Aragon បាននិយាយថា ក្រុមហ៊ុន Microsoft បានស្នើសុំការអនុញ្ញាតសាងសង់មជ្ឈមណ្ឌលទិន្នន័យមួយកន្លែង នៅខាងក្រៅទីក្រុង Zaragoza និងថា ការវិនិយោគនេះមានរយៈពេល ១០ឆ្នាំ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតក្នុងស្រុក El Heraldo។
ក្រុមហ៊ុន Microsoft ដែលថ្មីៗនេះក៏បានប្រកាសអំពីការវិនិយោគជាង ២ពាន់លានដុល្លារផងដែរ ទៅក្នុងមជ្ឈមណ្ឌលទិន្នន័យនៅទីក្រុងម៉ាឌ្រីដ នោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញផែនការវិនិយោគនៅតំបន់ Aragon ទេ។
Zaragoza ដែលជាទីក្រុងធំជាងគេទី៥ របស់អេស្ប៉ាញ បានក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន មានទីតាំងនៅចំកណ្តាលរវាងទីក្រុងម៉ាឌ្រីដ និងបាសេឡូណា ដែលជាតំបន់ទីក្រុងដ៏ធំបំផុតរបស់ប្រទេសអេស្ប៉ាញ និងនៅចំកណ្តាលច្រករបៀងពាណិជ្ជកម្មដ៏សំខាន់ ដែលតភ្ជាប់ឧបទ្វីប Iberian ទៅកាន់ប្រទេសបារាំង និងតំបន់ផ្សេងទៀតនៃទ្វីបអឺរ៉ុប៕ ប្រភព: CNA ប្រែសម្រួលដោយ: ឈឹម ទីណា