សមត្ថកិច្ចតាមចាប់ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស ២នាក់ នៅបុរីប៉េងហួតបឹងស្នោ (Video Inside)
មនុស្ស២នាក់បានស្លាប់ និងម្នាក់រងរបួស ក្នុងហេតុការណ៍បាញ់ប្រហាររបស់ខ្មាន់កាំភ្លើង នៅក្នុងគេហស្ថានជនរងគ្រោះ ស្ថិតនៅក្នុងបុរីប៉េងហួតបឹងស្នោ នារសៀលម៉ោងជិតបួនថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៤។
មិនមានសេចក្តីរាយការណ៍បញ្ជាក់ថា តើមូលហេតុដែលបណ្តាលឱ្យមានការចូលទៅធ្វើឃាត នៅក្នុងគេហស្ថានលេខ២៦ ផ្លូវP10F នៃគម្រោង៧ នៃបុរីប៉េងហួត ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះ បានជាប់ពាក់នឹងអ្វីពិតប្រាកដឡើយ។
សេចក្តីរាយការណ៍ពីសាក្សីដែលរងគ្រោះបាននិយាយថា អំពើបាញ់ប្រហារនោះ បានផ្តើមពីការជជែកតឹងសសៃកគ្នា រវាងម្ចាស់ផ្ទះ និងបុរសជាជនល្មើសម្នាក់ ដែលមានកាំភ្លើងខ្លីសៀតនឹងចង្កេះ។
ទំនាស់ដែលបង្កការឈ្លោះប្រកែកគ្នានោះ ត្រូវសាក្សីនិយាយថា បានចាប់ផ្តើមពីបញ្ហាព្រំប្រទល់ដី ប៉ុន្តែមិនមានការបញ្ជាក់រៀបរាប់ក្បោះក្បាយ លំអិតអំពីរឿងនេះឡើយ។ សាក្សីនិយាយថា នៅពេលមានការជជែកគ្នាខ្លាំងនោះ ជនសង្ស័យបានដកកាំភ្លើងខ្លីពីចង្កេះ បាញ់ដាក់លើម្ចាស់ផ្ទះនោះជាច្រើនគ្រាប់ ហើយជនល្មើសបានប្រញាប់គេចខ្លួន។
សេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួន នៅក្នុងរថយន្តពេលធ្វើដំណើរគេចខ្លួន ដល់ស្រុកអង្គស្នួល ខេត្តកណ្តាល។ សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ជុំវិញមូលហេតុដែលជាប់ពាក់ព័ន្ធទាំងនេះឡើយ។