សម្តេចធិបតីធ្វើទស្សនកិច្ច២ថ្ងៃនៅសឹង្ហបុរី (Video Inside)

ប្រទេសកម្ពុជា និងសឹង្ហបុរី គ្រោងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ ក្នុងដំណើរទស្សនកិច្ច២ថ្ងៃ របស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់សឹង្ហបុរីចាប់ផ្តើមនៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៤។ យោងតាមក្រសួងការបរទេស, ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី។

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយសមភាគី លោក ឡរ៉េន វ៉ុង។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នា អំពីមធ្យោបាយនានា ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ខណៈដែលប្រទេសទាំងពីរ នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។

នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ ក្រោយជំនួបពិភាក្សានោះ នឹងមានការចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន និងដាក់ឱ្យដំណើរការជាផ្លូវការ នូវគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ។

សម្ដេចធិបតី ក្នុងដំណើរទស្សនកិច្ចរវាងពីថ្ងៃទី១៨ និង១៩មិថុនា នឹងជួបសម្ដែងការគួរសមដោយឡែកពីគ្នា ជាមួយប្រធានាធិបតីសិង្ហបុរី លោក មេន ស្សាន មូហ្គារ៉ាត់ណា និងជួបទេសរដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង។

សម្តេចធិបតី នឹងចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា។ សម្តេចធិបតីនឹងអញ្ជើញទស្សនាវិទ្យាស្ថានពហុបច្ចេកទេស ណាន យ៉ាង និងមជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ីនធឺណិត ព្រមទាំងអញ្ជើញទស្សនាអាគារហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Keppel ផងទៀត។

ads banner