ការបង្កើនផលិតភាពការងារ គឺជាគន្លឹះក្នុងការទាក់ទាញវិនិយោគទុនបន្ថែមមកកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្ត្រី ហេង សួរ បានថ្លែងថា មានតែការបង្កើនផលិតភាពការងារ និងកម្លាំងពលកម្មជំនាញទេ ដែលអាចធ្វើឱ្យកម្ពុជា នៅរក្សាបានភាពប្រកួតប្រជែង និងបង្កើនភាពទាក់ទាញវិនិយោគទុនបន្ថែមទៀត។
ការថ្លែងបែបនេះរប់ស ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ក្រោមប្រធានបទ «TVETរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ។
ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា ផលិតភាពការងារ ដែលមានភាពទាក់ទាញវិនិយោគខ្លាំងជាងគេ គឺក្នុងវិស័យឧស្សាហកម្មបែបថ្មី ដែលមិនមែនជាឧស្សាហកម្មប្រើប្រាស់កម្លាំងពលកម្មទេ តែជាឧស្សាហកម្ម ដែលត្រូវការ ការប្រើប្រាស់ជំនាញ ចំណេះដឹង បច្ចេកវិទ្យា ក៏ដូចជាផលិតផលដែលមានតម្លៃខ្ពស់សម្រាប់បង្កើតឱ្យមានតម្លៃបន្ថែមសម្រាប់ប្រជាពលរដ្ឋ។
ឯកឧត្តមបញ្ជាក់ថា ដើម្បីឆ្លើយតបការចង់បានរបស់វិនិយោគទុន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាឱ្យបានល្អ ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធី បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ មានភាពប្រទាក់ក្រឡាគ្នា ផ្តល់ជាផលប្រយោជន៍ទៅដល់យុវជន ដែលទើបដល់វ័យចូលទីផ្សារការងារ ក៏ដូចជាផ្តល់នូវផលប្រយោជន៍ ដល់កម្មករនិយោជិត ឬកម្លាំងពលកម្មដែលស្ថិតក្នងទីផ្សារការងារស្រាប់៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា