អេក្វាទ័រ៖ បាក់ដីនៅតំបន់ទេសចរណ៍ ស្លាប់មនុស្ស៧នាក់ និង៣០នាក់ទៀតបាត់ខ្លួន
បរទេស៖ អាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់ ចំនួន៦នាក់បានស្លាប់ និង ៣០នាក់ទៀតបាត់ខ្លួន ហើយ៦នាក់ទៀត បាងរងរបួស បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យមានការរអិលបាក់ដី ក្នុងតំបន់ទេសចរណ៍មួយ នៅភាគខាងត្បូង ប្រទេសអេក្វាទ័រ។
ហេតុការណ៍នេះបានកើតឡើង នៅតំបន់ដ៏ស្រស់ស្អាត ក្នុងខេត្ត Tungurahua ក្បែរនឹងតំបន់ភ្នំភ្លើងដែលផ្ទុះញឹកញាប់ កាលពីថ្ងៃអាទិត្យ។ ក្រោយកើតហេតុ រមណីយដ្ឋាននានាជាច្រើន កន្លែង ត្រូវបានបិទទ្វា។ ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមធ្លាក់ កាលពីយប់ថ្ងៃសៅរ៍ ហើយបានបន្ត រហូតដល់ថ្ងៃអាទិត្យ ដោយរារាំងដល់កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ។
ទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់រដ្ឋ បានព្រមានថា «លក្ខខណ្ឌអាកាសធាតុ មិនអំណោយផល» សម្រាប់ការសម្អាតផ្លូវ ដែលរងការខូតខាត។ ប្រភពបានឲ្យទៀតថា ភ្លៀងធ្លាក់ខ្លាំងក៏បានបណ្តាលឱ្យមានការខូចខាត នៅតំបន់ផ្សេងទៀតផងដែរ ក្នុងនោះ ប្រកាសគ្រោះអាសន្ន នៅទីតាំង ចំនួនជិត៥០កន្លែង ទូទាំងប្រទេស៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត