រដ្ឋបាលព្រៃឈើគ្រោងដាំដើមឈើប្រណិតជិតមួយម៉ឺនដើមថ្ងៃក្នុងថ្ងៃ”រុក្ខទិវា”
តាកែវ៖ ក្នុងការប្រារព្ធរុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងដាំដើមឈើប្រណិត ចំនួន ៩.៩៩៩ដើម នៅលើផ្ទៃដី ៣០ហិកតា ស្ថិតភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ការបញ្ជាក់នេះក្នុងឳកាសឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញពិនិត្យទីតាំងរៀបចំប្រារព្ធពិធី “រុក្ខទិវា” ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលនឹងប្រព្រឹត្តិទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
បើតាមក្រសួងកសិកម្មបានឱ្យដឹងដែរថា ខេត្តតាកែវធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំពិធីរុក្ខទិវា ០៩ កក្កដា ថ្នាក់ជាតិ ចំនួន ៤លើករួចមកហើយ ក្នុងនោះ លើកទី១ រៀបចំនៅឆ្នាំ១៩៩៣ នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ, លើកទី២ ក្នុងឆ្នាំ២០០៨ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ, លើកទី៣ ក្នុងឆ្នាំ២០១៤ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ, និងលើកទី៤ ក្នុងឆ្នាំ២០២៤នេះ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ៕
ដោយ៖ម៉ាដេប៉ូ