វេជ្ជបណ្ឌិតកូរ៉េរាប់ពាន់នាក់ធ្វើកូដកម្ម ម្ដងទៀត

សេអ៊ូល៖ វេជ្ជបណ្ឌិតរាប់ពាន់នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង មិនអើពើនឹងការព្រមានរបស់រដ្ឋាភិបាល ដោយបានចូលរួមធ្វើកូដកម្ម ជាថ្មីម្តងទៀត នៅក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ។

ពួកគេបានគ្រវីបដា ដែលសរសេរថា «គ្រូពេទ្យនឹងជួយសង្គ្រោះអ្នករាល់គ្នា»។ វេជ្ជបណ្ឌិតខឹងនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការបង្កើនកូតាសាលាពេទ្យ។

យ៉ាងណាមិញ រដ្ឋាភិបាលបានចេញបញ្ជាឱ្យចូលធ្វើការវិញសម្រាប់គ្រូពេទ្យដែលបានចូលរួម ក្នុងសកម្មភាពនេះ។ ប៉ុន្តែ លោក Lim Hyun-taek ដែលជាអ្នកដឹកនាំសមាគមគ្រូពេទ្យកូរ៉េ បាននិយាយថា លោកនឹងជំរុញឱ្យសមាជិករបស់ខ្លួន ចូលរួមធ្វើកូដកម្មដោយមិនកំណត់ចំនួន នៅថ្ងៃទី ២៧ ខែមិថុនា បន្តទៀត ប្រសិនបើរដ្ឋាភិបាលនៅតែបដិសេធការទាមទាររបស់ខ្លួន ដែលចង់ឲ្យលុបចោលផែនការទាំងស្រុង ជុំវិញការបង្កើនចំនួនគ្រូពេទ្យ ឲ្យបាន១០០០០នាក់ នៅឆ្នាំ២០៣៥។

ជាការកត់សម្គាល់ ចាប់តាំងពីខែកុម្ភៈមក គ្រូពេទ្យជាង ១២០០០នាក់បានធ្វើកូដកម្មបែបនេះ ខណៈដែលក្រុមបាតុករបារម្ភពីការប្រកបវិជ្ជាជីវៈពេទ្យ របស់ពួកគេ។

អនុរដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង លោក Jun Byung-wang បានចោទប្រកាន់ ការធ្វើកូដកម្ម ជាបន្តបន្ទាប់នេះថា បានគំរាមបំផ្លាញ «ទំនាក់ទំនងគួរឲ្យទុកចិត្តរវាងវេជ្ជបណ្ឌិត និងអ្នកជំងឺ ដែលសង្គមរបស់យើងបានបង្កើតឡើង ជាយូរមកហើយ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner