ក្រសួងអធិការកិច្ច និង វិទ្យាសា្ថនខុងជឺ នៃ រាជបណ្ឌិត្យសភាកម្ពុជា នឹងរួមចំណែកកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោក WANG FENG និងលោក តាំង ម៉េងឆុង សហនាយកនៃវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង អធិការកិច្ច ។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ លោកសហនាយក មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ ព្រមទាំងបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិទ្យាស្ថានខុងជឺនៃរាជ្យបណ្ឌិតសភាកម្ពុជា ចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដែលមានកន្លងមក ជាពិសេសការបណ្តុះបណ្តាលភាសាចិនជូនដល់មន្រ្តីរាជការចាប់តាំងពីឆ្នាំ២០១៧ រហូតមក ដែលភាសាចិនជាភាសាពេញនិយមសម្រាប់ប្រាស្រ័យទាក់ទងទីពីរនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន ។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីបេសកកម្ម រចនាសម្ព័ន្ធរបស់ក្រសួង និងភាពចាំបាច់ក្នុងការប្តូរឈ្មោះពី « ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច» ក្នុងគោលដៅឆ្លើយតប និងស្របទៅតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដែលស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ។

ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញពីផែនការសកម្មភាពចំនួន៤ របស់ក្រសួងអធិការកិច្ច រួមមាន៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាងនិងពង្រឹងមូលធនមនុស្ស ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ជូន និងការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួងនិងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ឯកឧត្តមរដ្ឋមន្រ្តី និងលោកសហនាយក សង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ច និងវិទ្យាសា្ថនខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នឹងចូលរួមចំណែកក្នុងការពូនជ្រុំទំនាក់ទំនងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងធ្វើឱ្យស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner