កោះទ្រង់ជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិមួយដ៏ត្រកាល

(ខេត្តក្រចេះ)៖ សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់ គឺជាកោះមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះទិសខាងលិចប្រមាណ ១ គ.ម ។ កោះទ្រង់ជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង៥ នៃក្រុងក្រចេះ ខេត្តក្រចេះ ។

កោះនេះមានភូមិចំនួន២ មានផ្ទៃដីសរុបទំហំ ២២៣ហិចតា មានប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះកោះនេះ ដីសម្បូរទៅដោយដីមានជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។

កោះទ្រង់ជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិមួយដ៏ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។ កោះនេះមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លាយង់នារដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើត ទល់មុខនឹងទីរួមខេត្តក្រចេះ គួរជាទីគយគន់ និងការធ្វើដំណើរកំសាន្តដ៏មនោរម្យ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកជំនោរដ៏បរិសុទ្ធពីធម្មជាតិ ។

កោះនេះមានបណ្តោយប្រមាណ ៤.៥ គ.ម ពីជើងទៅត្បូង ព័ទ្ធដោយផ្លូវលំមួយខ្សែប្រវែង ៩ គ.ម និងអមដងផ្លូវសម្បូរទៅដោយដើមក្រូចថ្លុង ដែលមានរស់ជាតិផ្អែមពីធម្មជាតិពិតៗ នៅចំកណ្តាលកោះមានបឹងចំនួន២ ដែលមានចំការបនែ្ល និងស្រែប្រាំង/វស្សាលាស់ខៀវខ្ចីស្ទើរគ្រប់រដូវកាល សហគមន៍អេកូទេសចរណ៍ធម្មជាតិ បង្កើតឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៨ ក្រោមការជួយសម្របសម្រួលពីមន្ទីរទេសចរណ៍ខេត្តក្រចេះ អង្គការកាហ្វដុក និងមានការគាំទ្រថវិកាពីអង្គការមូលនិធីអាស៊ី តាមរយៈអង្គការ អុកស្វាមអង់គ្លេស ។

សកម្មភាពទេសចរ ៖ សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់បានក្លាយជាភូមិស្អាត មានអនាម័យ និងបរិស្ថានល្អ ជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ កោះទ្រង់មានផ្ទះស្នាក់សហគមន៍ ម្ហូបអាហារ សួនដំាបន្លែ និងមានម៉ូតូឌុប រទេះសេះ រទេះគោ ជួលកង់ជិះកំសាន្តជំវិញកោះ មើលសត្វជ្រឹង មើលភូមិបណ្តែតទឺករបស់ជនជាតិវៀតណាម ហើយទេសចរក៍អាចធ្វើការប៉ោះតង់លើឆ្នេរខ្សាច់ (ឆ្នេរផ្តើមស្នេហ៍) ដ៍ស្រស់ស្អាតដែលអាចមើលឃើញសម្រស់ក្រុងក្រចេះនាពេលរាត្រីផងដែរ ៕

អត្ថបទ៖ រដ្ឋបាលខេត្តក្រចេះ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner