ឯកឧត្តម បណ្ឌិត ជ័យ ចាប៖ ចាត់ទុក អត្តពលិកវ័យក្មេង ជាទំពាំងស្នងឫស្សី និងជាថ្នាលនិស្ស័យត្រៀមកីឡាយុវជនអាស៊ី ឆ្នាំ២០២៩

(ភ្នំពេញ)៖ ការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្តរបស់លោកគ្រូ អ្នកគ្រូ កូនៗ ចៅៗតូចៗ ជាបទពិសោធន៍ដ៏ក្រៃលែង មិនអាចកាត់ថ្លៃបាន ធ្វើឲ្យកូនៗ ចៅៗតូចៗ ទទួលបាននូវទឹកចិត្តមោះមុតអង់អាចក្លាហាន ជាទំពាំងស្នង ជាថ្នាលនិស្ស័យកីឡាវ័យក្មេង ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ និងប្រកួតអន្តរជាតិនានា។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត ជ័យ ចាប ទេសរដ្ឋមន្ត្រី និងជាប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញ ក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃទិវាកុមារអន្ដរជាតិ នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានក្លិបតេក្វាន់ដូវិទ្យាល័យបឹងត្របែក ។

តាមរបាយការណ៍ លោក សំ សុខយី អគ្គលេខាធិការសមាគមកីឡាតេក្វាន់ដូរាជធានីភ្នំពេញ ប្រធានគណៈកម្មការរៀបចំការប្រកួត បានអោយដឹងថា ការប្រកួតនេះ មានកីឡាករ-កីឡាការិនីវ័យក្មេងចំនួន ១៥២នាក់ មកពី ៨ក្លិបចូលរួមប្រកួត លើវិញ្ញាសាជាច្រើន ចាប់ពីអាយុ៨ឆ្នាំ ដល់១៧ឆ្នាំ។ លោក បន្ដថា ការរៀបចំការប្រកួតកម្រិតកុមារ និងយុវជនប្រចាំឆ្នាំនេះ សបញ្ជាក់ឲ្យឃើញពីការរួមចំណែក ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល នៃការអភិវឌ្ឍន៍មូលធនមនុស្ស គឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។ ហេតុនេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំព្រឹត្តិការណ៍នេះឡើង ក៏ដូចជាការគាំទ្រ និងជំរុញពីសំណាក់អាណាព្យាបាលផងដែរ ។

ឯកឧត្តម ជ័យ ចាប មានប្រសាសន៍ថា ឆ្លងកាត់ការប្រកួតរយៈពេល១ថ្ងៃ មានអ្នកទទួលបានមេដាយ និងពុំទទួលបានមេដាយ តែការចូលរួមនេះ បានផ្ដល់ឲ្យកុមារ និងយុវជនទាំងអស់ ទទួលបាននូវឱកាសអភិវឌ្ឍន៍ និងបណ្ដុះបាននូវស្មារតីមិត្តភាព សាមគ្គីភាព ដែលជាពន្លឺសន្ដិភាព នៃកម្ពុជា។ ដូច្នេះឯកឧត្តម បានជំរុញ និងលើកទឹកចិត្តពួកគេឲ្យបន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពកាន់តែប្រសើរ និងមានឱកាសចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនាថ្ងៃខាងមុខ។ ឯកឧត្តម បន្ដថា «នេះជាបទពិសោធន៍ដ៏ល្អក្រៃលែង មិនអាចកាត់ថ្លៃបានធ្វើឲ្យកូនៗចៅៗតូចៗ ទទួលបាននូវទឹកចិត្តមោះមុតអង់អាចក្លាហាន ជាទំពាំងស្នង ជាថ្នាលនិស្ស័យកីឡាវ័យក្មេង ដើម្បីត្រៀមលក្ខណៈចូលរួម ការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ និងប្រកួតអន្តរជាតិនានា ពិសេសព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា»។

គួរដឹងថា ក្រោយឆ្លងកាត់ការប្រកួតពេញ១ថ្ងៃ ជាលទ្ធផលបច្ចេកទេស គឺក្លិបតេក្វាន់ដូអាស៊ី ដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៣គ្រឿង (មាស ១៧ ប្រាក់ ៣ និងសំរឹទ្ធ ៣) ។ ក្លិបវិទ្យាល័យបឹងត្របែក ឈរលេខ២ ឈ្នះមេដាយសរុប ១២គ្រឿង (មាស ៧ ប្រាក់ ១ និងសំរឹទ្ធ ៦) និងក្លិបខេមហ្វឺស ឈរលេខ៣ ឈ្នះមេដាយសរុប ១៣គ្រឿង (មាស ៥ ប្រាក់ ៦ និងសំរឹទ្ធ ២) ។ រីឯក្លិប ៥ផ្សេងទៀត ក៏ដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធផងដែរ ៕

អត្ថបទ ៖ ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner