ឯកឧត្តម ហួត ហាក់ ជំរុញឱ្យភ្ញៀវទេសចរ ប្រទេសណ័រវេស មកទស្សនាបេតិកភណ្ឌ​ពិភព​លោក និងទេសភាពធម្មជាតិដ៏ស្រស់បំព្រងរបស់កម្ពុជា

(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យ លោក ប៉ែន ស៊ីវុន (Pen Sivun) តំណាងសមាគម HOME FOUNDATION និង លោក ជែន អារែល ស្រ្តេ (JAHN ARILD STRAY) តំណាងសមាគម CAMBODIAN AID ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងគោរពជម្រាបជូនពីសកម្មភាពការងាររបស់សមាគមកន្លងមកនៅប្រទេសកម្ពុជាផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារសប្បុរសធម៌ដ៏ល្អប្រពៃនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមកផងដែរ។

លោក ប៉ែន ស៊ីវុន និងលោក ជែន អារែល ស្រ្តេ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតដល់រូបលោក បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនពីសកម្មភាពការងាររបស់សមាគមកន្លងមកនៅប្រទេសកម្ពុជា និងសកម្មភាពប្រមូលថវិកាពីសប្បុរសជននៅប្រទេសណ័រវេស មកជួយប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៧ តាមរយៈការកសាងមណ្ឌលសុខភាព សាលារៀន ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងជូនប្រជាជនក្រីក្រ និងការជួយផ្តល់ប្រាក់ឧបត្តម្ភប្រចាំខែដល់សិស្សនិស្សិតដែលមានជីវភាពខ្វះខាត។ ជាងនេះទៅទៀត លោកតំណាងសមាគម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែជួយជ្រោមជ្រែង និងបង្កលក្ខណៈងាយស្រួលដល់សមាគមលោក ក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងប្រទេសកម្ពុជាកន្លងមក។ ជាពិសេស លោក JAHN ARILD STRAY ក៏បានបង្ហាញពីការកោតសរសើរ និងចំណាប់អារម្មណ៍របស់លោកចំពោះប្រជាជនកម្ពុជាដែលតែងតែមានស្នាមញញឹមរាក់ទាក់ និងស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមកជានិច្ច ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមកន្លងមកដែលបានជួយដល់ប្រជាជនកម្ពុជា និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍជាតិមាតុភូមិឡើងវិញ ព្រមទាំងបានថ្លែងអំណរគុណដែលបាននាំយកសម្ភារបរិក្ខារពេទ្យជាច្រើនមុខពីប្រទេសណ័រវេស ជូនក្រសួងអធិការកិច្ច សម្រាប់បំពេញការងារមនុស្សធម៌បន្តទៀត ។

ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យលោកតំណាងសមាគមបន្តជួយផ្សព្វផ្សាយពីស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចជាក់ស្តែង ដែលកំពុងមានសេ្ថរភាព និងការរីកចម្រើនជាបន្តបន្ទាប់គ្រប់វិស័យ ព្រមទាំងជួយផ្សព្វផ្សាយជម្រុញទាក់ទាញទេសចរណ័រវេស មកទស្សនាប្រទេសកម្ពុជា ជាពិសេសគឺមកទស្សនាបេតិកភណ្ឌពិភពលោក និងទេសភាពធម្មជាតិដ៏ស្រស់បំព្រងរបស់កម្ពុជា ព្រមទាំងបន្តសកម្មភាពសប្បុសធម៌បន្ថែមទៀត ជាពិសេសពិនិត្យលទ្ធភាពផ្ដល់ជំនួយសប្បុរសធម៌ជួយប្រជាជននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner