កម្ពុជានឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌ ជាពិសេសករណីឃាតកម្មដែលមានលក្ខណៈសាហាវព្រៃផ្សៃ

(ភ្នំពេញ)៖ កម្ពុជា នឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌ ជាពិសេសករណីឃាតកម្មដែលមានលក្ខណៈសាហាវព្រៃផ្សៃ ។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវការអរគុណ ដល់បងប្អូនទាំងអស់ ដែលបានបញ្ចេញយោបល់ តាមរយៈការធ្វើ Comments យ៉ាងច្រើនចូលក្នុងហ្វេសប៊ុក របស់សម្ដេចធិបតី បន្ទាប់ពីសម្ដេច បានបង្ហាះសារទាក់ទងនឹងករណី នៃបាញ់ប្រហារសម្លាប់មនុស្ស ដែលប្រព្រឹត្តឡើងដោយជនល្មើសឈ្មោះ ស្រី ស៊ីណា និងបានអំពាវនាវឱ្យស្ថាប័នតុលាការ យកចិត្តទុកដាក់អនុវត្តច្បាប់ក្នុងករណីនេះឱ្យបានម៉ឺងម៉ាត់ និងឱ្យបានត្រឹមត្រូវ ដោយគ្មានការបន្ធូរបន្ថយ ឬយោគយល់ណាមួយជាដាច់ខាត។

ក្រោយពីបានបង្ហោះសារនេះមក សម្ដេចបានពិនិត្យឃើញគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara បានបញ្ជាក់ថា គាត់ជាអ្នករៀនច្បាប់មួយរូប បានបញ្ចេញយោបល់ជុំវិញរឿងនេះ ដែលសម្ដេចផ្ទាល់ ពិនិត្យឃើញថា យោបល់របស់ Vongchan Reaksmeidara នេះ មានហេតុផលសមស្រប ទាំងលើទិដ្ឋភាពសង្គម ទាំងលើទិដ្ឋភាពច្បាប់ ជាពិសេស ការលើកឡើងអំពីចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដែលមិនបានចែងអំពីស្ថានទម្ងន់ទោសទាក់ទងនឹងករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើ ដែលមហាជនទូទៅថ្កោលទោស និងសម្តែងប្រតិកម្មដោយខឹងសម្បារ។

សម្ដេចធិបតី បានបន្ដថា ផ្អែកលើការលើកយោបល់នេះ និងស្របពេលដែល ក្រសួងយុត្តិធម៌ បាននិងកំពុងសិក្សារៀបចំធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ សម្ដេចធិបតី បានប្រគល់ភារកិច្ចបន្ថែមជូនឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សានិងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ។

សម្ដេចសង្កត់ធ្ងន់ថា យើងមិនអាចផ្ដន្ទាទោសជនល្មើស លើសពីអ្វីដែលច្បាប់ឬបញ្ញត្តិ បានចែងជាធរមាននោះទេ ប៉ុន្តែទៅថ្ងៃអនាគតយើងអាចធ្វើវិសោធនកម្មច្បាប់ទាំងនោះបាន ដើម្បីបង្កើនទម្ងន់ទោសទណ្ឌ សម្រាប់ដាក់បន្ទុក ទៅលើអ្នកដែលប្រព្រឹត្តខុសបែបនេះ ៕

អត្ថបទ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner