គិតត្រឹមឆ្នាំ២០២៤ សមាជិករបស់សហគមន៍ស្រូវមិត្ដក្រៀលកើនឡើង ១២០គ្រួសារ និងមានផ្ទៃដីដាំដុះសរុប ១៤៨ហិចតា
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤នេះ កសិករថ្មីចំនួន២៥គ្រួសារផ្សេងទៀតបានស្ម័គ្រចិត្តចូលរួមធ្វើស្រូវមិត្តក្រៀលដែលធ្វើឱ្យសមាជិករបស់សហគមន៍ស្រូវមិត្ដក្រៀលកើនឡើង ១២០គ្រួសារ និងមានផ្ទៃដីដាំដុះសរុប ១៤៨ហិចតា។
អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤នេះថា ក្នុងរដូវកាលដាំដុះថ្មីនេះ ក្រុមការងារគម្រោងស្រូវមិត្ដក្រៀលរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជានិងគណៈកម្មការសហគមន៍ស្រូវមិត្តក្រៀល បានបញ្ចប់ការផ្សព្វផ្សាយនិងជ្រើសរើសកសិករថ្មីនៅភូមិគោលដៅចំនួន០៤ភូមិដែលមានទីតាំងជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ជាលទ្ធផលមានកសិករថ្មីចំនួន២៥គ្រួសារបានស្ម័គ្រចិត្តចូលរួមជាសមាជិកថ្មីនៃសហគមន៍ស្រូវមិត្តក្រៀលដោយបញ្ចូលដីស្រែរបស់ខ្លួនចំនួន៤៥ហិចតាអនុវត្តការដាំដុះតាមគោលការណ៏ស្រូវមិត្តក្រៀល។
ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាដើម្បីជាសក្ខីភាពកសិករទាំង២៥គ្រួសារនេះបានចុះកិច្ចសន្យាជាមួយគម្រោងដើម្បីធ្វើការបេ្តជ្ញាចិត្តអនុវត្តការដំាដុះតាមគោលការណ៍ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីរបស់់តំបន់ដីសើម ពង្រីកទីជម្រករកចំណីដែរមានសុវត្ថភាពសំរាប់សត្វក្រៀលនារដូវកាលមិនបន្តពូជនៅតំបន់ទេសភាពអន្លង់ព្រីង ជាពិសេសដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន។
អ្នកស្រី ឆេង សុវណ្ណា ដែលជាប្រធានក្រុមនៃសហគមន៍ស្រូវមិត្ដក្រៀលភូមិអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានលើកឡើងថា៖ កសិករភាគច្រើនដែលរស់នៅជុំវិញតំបន់ការពារទេសភាពអន្លង់ព្រីងបានចាប់អារម្មណ៍និងចូលរួមជាមួយសមាជិកសហគមន៍ស្រូវមិត្ដក្រៀលដោយយល់ច្បាស់អំពីអត្ថប្រយោជន៍ដែលពួកគាត់ទទួលបានពីគម្រោងនិងសារៈសំខាន់នៃការចូលរួមអភិរក្សសត្វក្រៀលសម្រាប់សហគមន៍របស់ពួកគាត់ទាំងមូល។
គួរបញ្ចាក់ផងដែរថា កសិករជាសមាជិករបស់សហគមន៍ស្រូវមិត្ដក្រៀលត្រូវស្ម័គ្រចិត្តអនុវត្តលក្ខខ័ណ្ឌទាំង១២នៃគោលការណ៍ស្រូវមិត្កក្រៀលដែលមានចែងក្នុងកិច្ចសន្យាដែលបានទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន។ កសិករដែលអនុវត្តតាមគោលការណ៍បានត្រឹមត្រូវ និងទទួលបានការគាំទ្របច្ចេកទេសដំាដុះ ជីសរីរាង្គ ពូជស្រូវនិងគម្រោងទទួលទិញស្រូវក្នុងតម្លៃខ្ពស់ជាងទីផ្សារ៕
ដោយ ៖ ម៉ាដេប៉ូ