អភិក្រម «ពហុកីឡដ្ឋានជាតិ ចិញ្ចឹមពហុកីឡដ្ឋានជាតិ» គឺជាមូលហេតុចម្បង ដែលរាជរដ្ឋាភិបាល បានសម្រេចបង្កើតពហុកីឡដ្ឋានជាតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល
(ភ្នំពេញ)៖ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានថ្លែងគូសបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានចាត់ទុកជាសមិទ្ធផលដ៏ធំស្កឹមស្កៃ និង ជា សំណង់ប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ក្នុងយុគសម័យទំនើប ។ ក្នុងន័យនេះ, យើងទាំង- អស់គ្នា ត្រូវចូលរួមខិតខំថែរក្សាមរតកជាតិនេះ ឲ្យបានល្អ និង គង់វង្សយូរអង្វែង ព្រមទាំង គប្បីប្រើប្រាស់ពហុកីឡដ្ឋាននេះ និង ពហុកីឡដ្ឋានជាតិអូឡាំពិក, ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីកៀរគរចំណូល ឲ្យបានជាអតិបរមា សំដៅកាត់បន្ថយបន្ទុកចំណាយថវិការដ្ឋ ស្រប តាមអភិក្រម «ពហុកីឡដ្ឋានជាតិ ចិញ្ចឹមពហុកីឡដ្ឋានជាតិ» ។ នេះ គឺជាមូលហេតុចម្បង ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតពហុកីឡដ្ឋានជាតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ។
ការថ្លែងគូសបញ្ជាក់បែបនេះ របស់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានធ្វើឡើងក្នុងពិធីប្រកាសសុពលភាព និង ការចូលកាន់តំណែងរបស់ក្រុមប្រឹក្សាភិបាល និង នាយកប្រតិបត្តិនៃពហុកីឡដ្ឋានជាតិ នាព្រឹកថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញជារួមជាពីណាក់ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។
ឧបនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិ- បាល, នីតិកាលទី ៧ នៃរដ្ឋសភា, បានសម្រេចបង្កើតពហុកីឡដ្ឋានជាតិ ជាគ្រឹះស្ថាន សាធារណៈរដ្ឋបាល តាមរយៈអនុក្រឹត្យ លេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០២៤ ដែលមានក្រសួងអប់រំ យុវជន និង កីឡា, ជាអាណាព្យាបាលបច្ចេកទេស, និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ជាអាណាព្យាបាលហិរញ្ញវត្ថុ, ក្នុងគោលបំណង គ្រប់គ្រង, ថែទាំ, ជួសជុល, និង ប្រើប្រាស់ ពហុកីឡដ្ឋានជាតិ, ដែលជាទ្រព្យសម្បត្តិដ៏ សម្បើមរបស់រដ្ឋ, ឲ្យបានគង់វង្សយូរអង្វែង ដើម្បីទុកជាមរតកដ៏ថ្លៃថ្លា សម្រាប់ជាតិ និង ប្រជាជនកម្ពុជា ជំនាន់ក្រោយទៀត ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា ការបង្កើតគ្រឹះស្ថានពហុកីឡដ្ឋានជាតិ ឡើង ក៏នឹងផ្តល់លទ្ធភាព ឲ្យអង្គភាពរដ្ឋមួយនេះ អាចមានស្វ័យភាពថវិកា និង អាចធ្វើ សកម្មភាពកៀរគរចំណូល ឲ្យអស់សក្តានុពល ពីការប្រើប្រាស់ពហុកីឡដ្ឋានជាតិ សំដៅ កាត់បន្ថយបន្ទុកចំណាយថវិការដ្ឋជាបណ្តើរៗ និង អាចក្រសោបយកកាលានុវត្តភាព នៃការពង្រីកប្រភពចំណូលពាក់ព័ន្ធផ្សេងៗ ដើម្បីធានានិរន្តរភាពនៃថវិកា សម្រាប់ទ្រទ្រង់ ដល់កិច្ចដំណើរការ នៃការពង្រីកហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់មួយចំនួន ក៏ដូចជា សម្រាប់ អភិវឌ្ឍវិស័យកីឡានៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនឈានឡើងជាលំដាប់ បន្ថែម ទៀត ។
ដោយឡែក ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ដែលត្រូវបានតាំងតាំងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃពហុកីឡដ្ឋានជាតិ សម្រាប់អាណត្តិទី១ មានរយៈពេល៣ឆ្នាំ បានបញ្ជាក់ដែរថា ការបង្កើតពហុកីឡដ្ឋានជាតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនេះ គឺជាការបង្កើតការគ្រប់គ្រងមួយដែលជាបណ្តុំសហការគ្នា ដើម្បីអភិវឌ្ឍន៍បន្តទៅរកភាពរីកចំរើនកាន់តែខ្លាំងនាពេលខាងមុខ។ហើយអ្វីជាអនុសាសន៍សំខាន់៧ចំណុចដែលផ្តល់ដោយ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនោះ យើងទាំងអស់គ្នាដែលជាក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិ នៃពហុកីឡដ្ឋានជាតិ នឹងអនុវត្តរួមគ្នា ធ្វើយ៉ាងអភិវឌ្ឍន៍ប្រែក្លាយកីឡដ្ឋានមតេជោឱ្យមានសោភ័ណ្ឌភាពទាក់ទាញ។
សមាភាពក្រុមប្រឹក្សាភិបាល និង នាយកប្រតិបត្តិនៃពហុកីឡដ្ឋានជាតិ ដែលបានប្រកាសតែងតាំងសម្រាប់អាណត្តិទី១រយៈពេល៣ឆ្នាំ មាន៨រូបមានដូចជា៖ ឯកឧត្តម បណ្ឌិត ឈន សុភាពប្រធានក្រុមប្រឹក្សាភបាល .ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធាន. ឯកឧត្តម ជា ប៉ូរ៉ា អនុប្រធាន . ឯកឧត្តម វ៉ាហេង ដាវុធ សមាជិក .ឯកឧត្តម ហាប់ ទូច សមាជិក .សេង តុលា សមាជិក ជានាយកប្រតិបត្តិពហុកីឡដ្ឋានជាតិ .ឯកឧត្តម គឹម កែវមុន្នីរ័ត្ន សមាជិក និងឯកឧត្តម កើត ឆែ ជាសមាជិក។
ពហុកីឡដ្ឋានមរតកតេជោ មានទីតាំងចន្លោះទន្លេសាប និងទន្លេមេគង្គក្នុងតំបន់អភិវឌ្ឍន៍ លីយ៉ាងផាត់ ស្ថិតនៅក្នុង ភូមិតារ័ត្ន សង្កាត់ ព្រែកតាសេក ខណ្ឌ ជ្រោចង្វារ រាជធានីភ្នំពេញ មានចម្ងាយ ១២គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ សាងសងលើផ្ទៃដីទំហំ៥៥ហិចតា និង៣៥០អា ។ ចាប់ផ្តើមសាងសងពីថ្ងៃទី១២ ខែ មេសា ឆ្នាំ២០១៣ និងបញ្ចប់ការសាងសង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ដែលប្រើប្រាស់ថវិកាសរុប១.១កោដិយ័ន ត្រូវនិងប្រមាណ១៥០លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណតដ្ឋប្រជាមានិចិន ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ