ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាលជាង ៤២៣លានរៀល ជូនម្ចាស់មេដាយកីឡាអាស៊ី ជើងឯកពិភពលោក-អាស៊ី-អាស៊ីអាគ្នេយ៍

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡាបានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល​កម្ពុជា សរុបចំនួន ៤២៣ ៧០០ ០០០ រៀល (បួនរយ២៣លានប្រាំពីរសែនរៀល) ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ និង​សំរឹទ្ធ ពីការប្រកួតកីឡាអាស៊ី លើកទី១៩ ជើងឯកពិភពលោក ជើងឯកអាស៊ី និងជើងឯកអាស៊ីអាគ្នេយ៍។

ពិធីប្រគល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ជ័យលាភីនេះត្រូវបានធ្វើឡើង នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញក្តីរីករាយដោយបានចូលរួម​ក្នុង​កម្មវិធី​ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់​ជ័យលាភី​មេដាយ​មាស ប្រាក់ និងសំរឹទ្ធពីការប្រកួតជើងឯកពិភពលោក ជើងឯកអាស៊ីអាគ្នេយ៍ និងជើងឯកអាស៊ី ប្រកបដោយបរិយាកាសសប្បាយរីករាយយ៉ាងក្រៃលែង និង​មោទនភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យបានកោតសរសើរចំពោះអគ្គនាយកដ្ឋានកីឡា អង្គភាព​ក្រោម​ឱវាទ និងមន្ដ្រីពាក់ព័ន្ធ ដែលបានខិតខំអស់ពីលទ្ធភាពសហការគ្នាបានយ៉ាងល្អ​ជាមួយសហព័ន្ធកីឡាជាតិ និងគ្រូបង្វឹកក្នុងការជ្រើសរើស គ្រប់គ្រង តាមដាន និង​អភិវឌ្ឍ​ធនធានកីឡា ដែលមានគុណផលកីឡាកម្រិតខ្ពស់ ព្រមទាំងមានសក្ដានុពល និងបន្ដចូលរួមប្រកួតប្រជែងដណ្ដើមបានមេដាយទាំងក្នុងតំបន់ និងពិភពលោក។ សមិទ្ធផលដ៏ធំធេង និងកិត្តិយសជាតិទាំងអស់នេះបានគូសបញ្ជាក់ឱ្យឃើញពី​ការ​យក​ចិត្ដទុកដាក់របស់រាជរដ្ឋាភិបាល ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ការធ្វើប្រតិភូ​កម្ម​មុខងារ ការគាំទ្រថវិកាដល់សហព័ន្ធកីឡាជាតិ និងការអនុវត្ដគោលនយោបាយ​ជាតិ​ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាមានប្រសិទ្ធភាព ស្របតាមកំណែទម្រង់​អប់រំ​កាយ និងកីឡា។

យោងតាមរបាយការណ៍ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋាន​កីឡាបាន​គូសបញ្ជាក់ថា ថវិកាដែលប្រគល់ជូនដល់គ្រូបង្វឹក គ្រូជំនួយ និងម្ចាស់ជ័យលាភី​មេដាយ​មាស ប្រាក់ និងសំរឹទ្ធ នាពេលនេះ គឺដណ្តើមបានលើ៣ប្រភេទកីឡា លើ​ព្រឹត្តិការណ៍អន្តរជាតិចំនួន៤ គឺជើងឯកពិភពលោក-អាស៊ី-អាស៊ីអាគ្នេយ៍ ថវិកា​ប្រមាណ ៤២៣លានរៀល ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner