ក្រុមសាលាសុវណ្ណភូមិគ្រងតំណែង ជើងឯកបាល់ទាត់ ក្នុងព្រឹត្តិកាណ៍កីឡា មហាជនរាជធានីភ្នំពេញ ឆ្នាំ២០២៤
(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាមហាជន ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤ ដែលធ្វើឡើងលើ៤ប្រភេទកីឡា មានបាល់ទាត់បាល់ទះបាល់បោះ និង អត្តពលកម្មនោះ បានបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី២៦ខែមិថុនានេះ នៅទីលានវិទ្យាល័យបឹងកេងកង ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
សម្រាប់ប្រភេទកីឡាបាល់ទាត់ ក្រុមសាលាសុវណ្ណភូមិ បានក្លាយជាជើងឯកក្នុងព្រឹត្តិការណ៍នេះដោយបានយកឈ្នះ ក្រុមស៊ីប៊ីអេស ក្នុងវគ្គផ្ដាច់ព្រ័ត្រយ៉ាងតឹងតែងបំផុត ដោយលទ្ធផល៧ទល់នឹងទល់នឹង៥ ។
ការប្រកួតនេះក្រុមទាំងពីរលេងប្រដំប្រសងគ្នាទាំងការគ្រប់គ្រងបាល់ទាំងការវាយលុក គេមានឧិកាសប្រហាក់ប្រហែលគ្នាក្នុងការទាត់បញ្ចូលទី។ សម្រាប់ ការប្រកួតពេញម៉ោង ក្រុមទាំង២បានត្រឹមតែស្មើគ្នា ដោយលទ្ធផល៤ទល់នឹង៤ ។ ប៉ុន្ដែនៅវគ្គកាត់សេចក្ដីដោយការទាត់បាល់១១ម៉ែត្រ ក្រុមស៊ីប៊ីអេសធ្វើ មិនបានល្អ ទាត់បញ្ចូលទីបានតែ១គ្រាប់ ខណៈក្រុមសាលាសុវណ្ណភូមិ ទាត់ចូលដល់ទៅ៣គ្រាប់។លទ្ធផលនេះធ្វើឲ្យក្រុមសាលាសុវណ្ណភូមិ ក្លាយជាក្រុមជើងឯកនៃព្រឹត្តិការណ៍កីឡាមហាជន រាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៤ ឯក្រុម ស៊ីប៊ីអេស បានត្រឹមចំណាត់ថ្នាក់លេខ២ និង ចំណាត់ថ្នាក់ លេខ៣បានទៅក្រុមវិទ្យាល័យ ព្រះស៊ីសុវត្ថិ ។
លោក ស្រេង សេង ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជននិងកីឡា ឲ្យដឹងថា ព្រឹត្តិការណ៍កីឡា មហាជនជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤ លើប្រភេទបាល់ទាត់បុរស មានក្រុម បាល់ទាត់ចំនួន៨ចូលរួម ក្នុងនោះមានក្រុម វិទ្យាល័យ ជាស៊ីមសាមគ្គី, វិទ្យាល័យជាស៊ីម ជ្រោយចង្វារ, វិទ្យាល័យព្រះស៊ីសុវត្តិ, សាលាសុវណ្ណភូមិ, ក្លឹប ស៊ីប៊ីអេស, ក្លឹប KMN FC,ក្លឹប CPSC និង ក្លឹប មុស្លីមកម្ពុជា ។ ក្រៅពីបាល់ ទាត់ ក្នុងព្រឹត្តិការនេះក៏មានប្រកួតលើប្រភេទកីឡា បាល់ទះ បាល់បោះ និង អត្តពលកម្មផងដែរ។
ក្នុងឱកាសនោះ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានកោតសរសើរ ដល់ប្រតិភូដឹកនាំក្រុមកីឡា ចំពោះការខិតខំបង្កើតក្រុម ដើម្បីចូលរួមប្រកួតជើងឯកមហាជនរាជធានីភ្នំពេញ ដែលជា ការចូលរួមយ៉ាងសំខាន់ក្នុងការកសាង និង អភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និង ជំរុញដល់ យុវជន មហាជន ឱ្យចូលរួមហាត់ និង លេងកីឡាទៅតាមប្រភេទដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើឧបាយមុខ នៅក្នុងសង្គមផងដែរ។ មួយវិញទៀត ការហាត់ និងលេងកីឡា ជាកត្តាចាំបាច់ដែលនាំមកនូវ ការស្គាល់ យល់គ្នា និង ស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឱ្យសង្គមជាតិ មានការឯកភាព និង សាមគ្គីភាព ដ៏រឹងមាំ ដើម្បី ចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋា ភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយ ឱ្យស្របនិងការវិវត្តន៍ និង ការរីកចម្រើនរបស់ប្រទេសជាតិ ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ