អភិបាលខេត្តបាត់ដំបង បញ្ជាឱ្យឃ្លុំរក្សាទុកព្រៃលិចទឹក​តំបន់​២និងចាត់វិធានការច្បាប់ដល់អ្នកកាន់កាប់និងបន្តទន្ទ្រានដីតំបន់៣

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដាក់​បទបញ្ជាឱ្យឃ្លុំរក្សាទុកព្រៃលិចទឹកតំបន់២ និង​អនុវត្តវិធានការច្បាប់ ចំពោះអ្នកដែលនៅតែបន្តបំពាន​ទន្រ្ទានកាន់កាប់ដីតំបន់៣ដោយមិនត្រូវលើកលែងដល់អ្នកដែលល្មើសហួស​បន្ទាត់ក្រហមទៀត​ឡើយ ។លោកថា ត្រូវតែ​មានចំណាត់ការច្បាប់ជាដាច់ខាត។

ក្នុងកិច្ចប្រជុំស្ដីពីការទប់ស្កាត់ពីការបន្តទន្រ្ទានកាន់កាប់ដីរដ្ឋក្នុងតំបន់ដែនព្រៃលិចទឹក នៃ ស្រុកទាំង៤នៅជុំវិញបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានបញ្ជាក់​ថា អាជ្ញាធរស្រុក ឃុំពាក់ព័ន្ធនៅជុំវិញតំបន់បឹង​ទន្លេ​សាប ត្រូវតែពង្រឹងការទប់ស្កាត់ ការកាប់បំផ្លាញ​ព្រៃលិចទឹកនៅតំបន់២ និង​អនុវត្តឱ្យខាងតែបាននូវវិធាន​ការច្បាប់ឱ្យបានម៉ឺងមាត់ចំពោះអ្នកដែលនៅតែបន្តទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកតំបន់​​៣។

ស្រុកទាំងបួនដែលនៅជាប់នឹងបឹងទន្លេសាបមាន ស្រុកមោង​ឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល។បទបញ្ជារបស់​ឯកឧត្តមអភិបាលខេត្តបានធ្វើឡើងបន្ទាប់ពី ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ បានរកឃើញផ្ទៃដី ជាងមួយ​ពាន់​ហិកតា ស្ថិក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ត្រូវបានជនខិលខូចនៅតែបន្តចូលទៅទន្រ្ទានកាន់កាប់ជាបន្តបន្ទាប់ហួសព្រំប្រទល់ ដែលត្រូវបាន​កំណត់ និងសម្រេចរួច។

ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានសង្កត់ធ្ងន់ទៀតថា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់​បានចាត់​ទុកការទន្រ្ទាប់កាន់​កាប់ដីព្រៃលិចទឹកដោយខុសច្បាប់កើត​មានឡើងសារជាថ្មីនេះ បង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ធនធានធម្មជាតិ មច្ឆជាតិ ជីវៈចម្រុះ និងជាពិសេស​ប្រព័ន្ធអេកូឡូស៊ីរបស់បឹងទន្លេសាប ទាំងមូលទៀតផង។

តំបន់បឹងទន្លេសាប ចែកចេញជា ៣តំបន់ ។គឺ៖តំបន់១ជា​តំបន់ភូមិឋានរបស់ប្រជាពលរដ្ឋអាចចុះបញ្ជីដីធ្លីនិងផ្តល់បណ្ណកម្មសិទ្ធិជូន​ប្រជាពលរដ្ឋបាន។តំបន់២.ជាតំបន់ទ្រនាប់ស្ថិត​នៅ​ចន្លោះតំបន់១ និងតំបន់៣ ដែលតំបន់នេះ រដ្ឋអាចអនុញ្ញាត​ផ្តល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋបាន។ ដោយឡែក តំបន់៣ គឺជាតំបន់ព្រៃលិចទឹក និងជាតំបន់ត្រូវ​បាន​ហាមឃាត់មិនឱ្យ​ប៉ះពាល់​ដាច់ខាត។

គប្បីជម្រាបជូនថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកាត់ឆ្វៀលផ្ទៃដីទំហំ១ ៣៥៣​ហិកតា៣៤អា ស្ថិតក្នុងភូមិសាស្រ្តឃុំកោះជីវាំង និង​ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាត់ចេញពី​តំបន់៣​នៃតំបន់ទន្លេសាប ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្ដល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន២ ៩៩៥គ្រួសារ។អនុក្រឹត្យដដែល បានសម្រេចកែ​សម្រួលផ្ទៃដីតំបន់៣ បញ្ចូលមកជាតំបន់២ មានទំហំ ១០ ៤៣០ហិកតា១៧អា ស្ថិតក្នុងភូមិសាស្រ្តស្រុកថ្មគោល, ស្រុកឯកភ្នំ, ស្រុក​សង្កែ និង ស្រុកមោងឫស្សី ខេត្តបាត់ដំបង សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ​ចំនួន២ ៤០៨គ្រួសារ ដើម្បីបន្តប្រើប្រាស់ និងអាស្រ័យ
ផល។
អនុក្រឹត្យដាច់ដោយឡែកមួយទៀត របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ក៏បានសម្រេចកំណត់​តំបន់ទ្រនាប់​នៃដែនព្រៃលិចទឹក(តំបន់២)នៃតំបន់បឹង​ទន្លេសាប មានទំហំ ៥៤៤៩៣ហិកតា១៨អា ស្ថិតក្នុង​ភូមិសាស្រ្តខេត្តបាត់ដំបង៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner