អ៊ុយក្រែន-រុស្ស៊ី ដោះដូរអ្នកទោស ៩០នាក់

បរទេស៖ ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ីបានផ្លាស់ប្តូរអ្នកទោសសង្គ្រាម ចំនួន៩០នាក់ ជាការដោះដូរដ៏ធំបំផុត រវាងភាគីទាំងពីរ ពុំធ្លាប់មាន ក្នុងរយៈពេលជិត ៥ខែ។

អេមីរ៉ាត អារ៉ាប់រួម ជាប្រទេសដែលបានសម្រុះសម្រួលឲ្យមានកិច្ចព្រមព្រៀង ដោះដូរអ្នកទោសនេះ។ កាលពីចុងខែឧសភា ប្រទេសនេះ ក៏ធ្លាប់បានសម្របសម្រួល ឲ្យមានការផ្លាស់ប្តូរអ្នកទោស ចំនួន៧៥នាក់ រវាងភាគីជម្លោះទាំងពីរនេះ ផងដែរ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ថ្ងៃនេះ ប្រជាជនរបស់យើងចំនួន ៩០ នាក់ទៀត បានវិលត្រឡប់មកផ្ទះវិញ ពីការជាប់ឃុំឃាំង របស់រុស្ស៊ី»។ លោកបានអះអាងទៀតថា យើងនឹងបន្តធ្វើការ ដើម្បីសេរីភាពអ្នកទោសអ៊ុយក្រែន បន្ថែមទៀត។

ក្រសួងការពារជាតិរុស្ស៊ីវិញ បាននិយាយថា «ទាហានរបស់ខ្លួនចំនួន៩០នាក់ ដែលមានគ្រោះថ្នាក់ដល់ជីវិតក្នុងការជាប់ជាឈ្លើយសឹក ត្រូវបានបញ្ជូនត្រឡប់ពីទឹកដី ដែលគ្រប់គ្រងដោយរបប Kiev»។

កាលពីខែកុម្ភៈ ភាគីទាំងពីរបាននិយាយថា ពួកគេបានផ្លាស់ប្តូរអ្នកទោស ចំនួន១០០នាក់។ ភ្លាមៗ ក្រោយកើតមានសង្គ្រាម កាលពីជាង២ឆ្នាំមុន ទីក្រុងមូស្គូ និងទីក្រុងគៀវ ធ្លាប់បានធ្វើការដោះដូរអ្នកទោស ជាង ៥០ នាក់ ជាការផ្លាស់ប្តូរ លើកដំបូង ប៉ុន្តែ ក្រោយមក ភាគីទាំងពីរបានចោទប្រកាន់គ្នា ទៅវិញទៅមកថា បានធ្វើឱ្យកិច្ចពិភាក្សាផ្លាស់ប្តូរអ្នកទោស មិនវិវឌ្ឍន៍ ទៅមុខ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner