ឌុយបៃគ្រោងចាយ៨ពាន់លានដុល្លារសង់បណ្តាញ ក្រោយមានទឹកជំនន់ធ្ងន់ធ្ងរ

បរទេស៖ ទីក្រុងឌុយបៃ នៃប្រទេស អេមីរ៉ាត់ អារ៉ាប់រួម កាលពីថ្ងៃចន្ទ បានប្រកាសពីផែនការចំណាយប្រាក់ ចំនួន៨ពាន់លានដុល្លារ បង្កើតប្រព័ន្ធបង្ហូរទឹកភ្លៀងដ៏ធំ ពុំធ្លាប់មាន ដើម្បីទប់ស្កាត់ កុំឲ្យប្រទេសវាលខ្សាច់មួយនេះ កើតមាននូវជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ដូចកាលពីប៉ុន្មានខែមុន ជាថ្មីទៀត នាពេលអនាគត។

អភិបាលក្រុងឌុយបៃ លោក Sheikh Mohammed បានប្រកាស តាមរយៈបណ្តាញសង្គម X ថា ប្រព័ន្ធលូបង្ហូរទឹកភ្លៀងនេះ នឹងត្រូវចាប់ផ្តើមសាងសង់ ឆាប់ៗនេះ ហើយគ្រោងនឹងបញ្ចប់ នៅឆ្នាំ២០៣៣។

ប្រភពបានបន្តថា បណ្តាញនេះនឹងគ្របដណ្តប់ គ្រប់តំបន់ទាំងអស់ នៃទីក្រុងឌូបៃ ហើយនឹងស្រូបយកទឹកច្រើនជាង ២០លានម៉ែត្រគូប ក្នុងមួយថ្ងៃ។ បណ្តាញលូនេះនឹងបង្កើនសមត្ថភាពបង្ហូរទឹកភ្លៀង និងត្រៀមខ្លួន ក្នុងការប្រឈមមុខនឹងបញ្ហាអាកាសធាតុ នាពេលអនាគត។ លោកថា វាអាចត្រូវបានចាត់ទុកបានថា ជាបណ្តាញលូបង្ហូរទឹកភ្លៀង ដ៏ធំបំផុត នៅក្នុងតំបន់។

គួររម្លឹកថា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារប្រទេស អេមីរ៉ាត់ អារ៉ាប់រួម កាលពីថ្ងៃទី ១៦ ខែមេសា សម្លាប់មនុស្ស ៤នាក់ ជន់លិចផ្ទះសម្បែង ហើយផ្លាស់ប្តូរ ផ្លូវថ្នល់នានា ទៅជាទន្លេ ខណៈដែលអាកាសយានដ្ឋាន ឌុយបៃ ដែលជាកន្លែងមមាញឹកបំផុតរបស់ពិភពលោក សម្រាប់អ្នកដំណើរអន្តរជាតិ រង់ការជន់លិចធ្ងន់ធ្ងរ។ វាត្រូវបានចាត់ទុកថា ជាការភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអារ៉ាប់ មួយនេះ ក្នុងរយៈពេល ៧៥ឆ្នាំ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner