តាក់ស៊ីគ្មានមនុស្សបើក Waymo នៅអាមេរិក

បរទេស៖ Robotaxi ឬ សេវាកម្មតាក់ស៊ីនគ្មានមនុស្សបើក វ៉េម៉ូ (Waymo) របស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google បានបើកដំណើរការពេញលេញ នៅរដ្ឋ San Francisco កាលពីថ្ងៃអង្គារ ដោយបាននិងកំពុងពង្រីកសេវាកម្ម របស់ខ្លួនយ៉ាងប្រុងប្រយ័ត្ន ជាមួយនឹងការធ្វើដំណើររាប់ម៉ឺនដង នៅក្នុងមួយសប្តាហ៍។

ក្រុមហ៊ុនបានឲ្យដឹងថា សេវាកម្ម Waymo ផ្តល់ជូន នូវការដឹកជញ្ជូន ប្រកបដោយសុវត្ថិភាព, និរន្តរភាព និងគួរឱ្យទុកចិត្ត ដល់អ្នកស្រុក។ មនុស្សប្រហែល ៣០ម៉ឺននាក់ ឬ ច្រើនជាងមួយភាគបួន នៃចំនួនប្រជាជនសរុប នៅទីក្រុង San Francisco បានចុះឈ្មោះ ក្នុងបញ្ជីរង់ចាំ ទិញសេវាកម្ម Waymo ចាប់តាំងពីខ្លួនបើកដំណើរការមក។ អ្នកជិះត្រូវការកម្មវិធី App របស់ក្រុមហ៊ុន ឈ្មោះ Waymo One ដើម្បីអាចប្រើប្រាស់សេវាកម្មនេះបាន។ App មួយនេះ ក៏បានដំណើរការ នៅទីក្រុង Los Angeles រដ្ឋ California ហើយក៏មានផែនការ ដាក់ដំណើរការ នៅទីក្រុង Austin រដ្ឋ Texas នាពេលខាងមុខផងដែរ។

មុនពេលដំណើរការតាក់ស៊ីគ្មានមនុស្សបើក គម្រោងបច្ចេកវិទ្យាស្វ័យបើកបរ Waymo ត្រូវបានកំណត់ត្រាសុវត្ថិភាព ក្នុងចម្ងាយផ្លូវជាង ៣២លានគីឡូម៉ែត្រ តាំងពីឆ្នាំ២០០៩។ ក្រុមហ៊ុនបានលើកឡើងថា Robotaxi របស់ខ្លួនបើកបរ សុវត្ថិភាពជាង មនុស្សបើក។ ប៉ុន្តែ និយតករសុវត្ថិភាពចរាចរណ៍កំពូលនៃ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិសហរដ្ឋអាមេរិក បាននិយាយ នៅដើមខែនេះថា ខ្លួនបានបើកការស៊ើបអង្កេតលើ Waymo បន្ទាប់ពីមានរបាយការណ៍អំពីឧបទ្ទវហេតុ ចំនួន ២២លើក ជាមួយនឹងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ។

នៅអាមេរិក ក្រៅពី Google ក៏មានក្រុមផ្សេងៗទៀត កំពុងព្យាយាមដំណើរការសេវាកម្មតាក់ស៊ីគ្មានមនុស្សបើកផងដែរ មានដូចជា ស៊ូអិច (Zoox) និង GM ជាដើម ខណៈដែលក្រុមហ៊ុនរថយន្តស្វ័យបើកបរ មានច្រើន ដូចជា Tesla ជាដើម។ ប៉ុន្តែតែងតែស្ថិតក្រោមការឃ្លាំមើល ពីនិយតករសុវត្ថិភាពចរាចរណ៍អាមេរិក៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner