មន្ត្រីកសិកម្មនិងរដ្ឋបាលខេត្តស្វាយរៀងចុះវាយតម្លៃលទ្ធផលនៃការអន្តរាគមន៍លើការកម្ចាត់ដង្កូវហ្វូងនៅស្រុករមាសហែក
ស្វាយរៀង៖ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀងតំណាងអភិបាលខេត្ត បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពដង្កូវហ្វូងកំពុងរាតត្បាតបំផ្លាញស្រូវរបស់កសិករនៅស្រុករមាសហែក ។ក្នុងសកម្មភាពនេះក៏បានធ្វើការផ្សព្វផ្សាយ និងចាត់វិធានការបន្ទាន់ក្នុងទប់ស្កាត់កុំឱ្យរីករាលដាលបន្តទៀត។
លោក សរ សុដានី បានឱ្យដឹងនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ថា ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរស្រុករមាសហែកថា មានដង្កូវហ្វូងបំផ្លាញស្រូវរបស់កសិករនៅឃុំអំពិល និងឃុំត្រស់លើផ្ទៃដី២៨២ហិកតាក្នុងស្រុករមាសហែក, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានចាត់ឱ្យឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម ,ចំណែកឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានចាត់រូបលោកឱ្យពិនិត្យអន្តរាគមន៍ជាបន្ទាន់
លោកអភិបាលរងខេត្តស្វាយរៀងបានបញ្ជាក់ថាសម្រាប់ខេត្តស្វាយរៀងផលប៉ះពាល់នៃការរាតត្បាតដង្កូវហ្វូងស៊ីស្រូវ ទើបតែមាននៅក្នុងស្រុករមាសហែកចំនួនពីរឃុំប៉ុណ្ណោះ ។ឯស្រុក ក្រុងផ្សេងៗទៀត មិនទាន់មានករណីនេះផ្ទុះកើតឡើងនោះទេ ។តែទោះជាយ៉ាងណាអាជ្ញាធរក៏ដូចជាមន្ត្រីជំនាញនឹងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតក្នុងការទប់ស្កាត់កុំឱ្យដង្កូវហ្វូងនេះរាលដាលបន្ថែមទៀត។
ឯកឧត្តម គឹម សុន បានរំលឹកដល់ប្រជាកសិករឃុំអំពិល និងឃុំត្រស់ ស្រុករមាសហែក សូមឧស្សាហ៍ចុះមកពិនិត្យដំណាំស្រូវរបស់ខ្លួនឱ្យបានញឹកញាប់។ប្រសិនបើកសិករជួបប្រទះនឹងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬអាចទំនាក់ទំនងទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក ដើម្បីឱ្យពួកគាត់ជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬរបៀបនៃការជ្រើសរើសថ្នាំសម្រាប់បាញ់សម្លាប់ដង្កូវនោះផងដែរ។
តាមការបញ្ជាផ្ទាល់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ឱ្យថ្នាក់ដឹកនាំក្រសួងព្រមទាំងក្រុមការងារបច្ចេកទេសក្រសួងឱ្យចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធនៅទូទាំងប្រទេស នៅគ្រប់ទីតាំងដែលមានការផ្ទុះរាតត្បាតដង្កូវហ្វូងបំផ្លាញដំណាំស្រូវ ដើម្បីធ្វើការណែនាំអំពីរបៀបប្រើប្រាស់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងជូនប្រជាកសិកម្មឱ្យបានទាន់ពេលវេលា៕
ដោយ៖នុត នាង