រដ្ឋបាលខេត្តកំពង់ធំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
កំពង់ធំ៖ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត លោក ទូច សុខា អភិបាលរងខេត្តឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីព្រឹកទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំងសួនស្ទឹងសែន ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការងខេត្តកំពង់ធំបានបង្ហាញអំពីលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៣ និងឆមាសទី១ ឆ្នាំ២០២៤ ដោយបានផ្សព្វផ្សាយអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹង អំពីគ្រោះថ្នាក់ នៃគ្រឿងញៀន ខ្លឹមសារអប់រំអំពីគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន តាមគោលដៅងាយរងគ្រោះ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ខារ៉ាអូខេ ក្រុមហ៊ុន រោងចក្រ សាលារៀន និងបញ្ជ្រាបតាមរយៈគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពបានចំនួន ១.២៦៤លើក មនុស្សចូលរួមសរុប៦២២.៣៤០ នាក់ (ស្រី ៤២២.១៧៦ នាក់ )។
ក្នុងឱកាសនោះលោក ទូច សុខា អភិបាលរងខេត្តកំពង់ធំបានក្រើនរំលឹកថា យើងត្រូវនិយាយថាទេចំពោះគ្រឿងញៀន ។គ្រឿងញៀនបំផ្លាញអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ គ្រប់ស្រទាប់វ័យ គ្រប់មជ្ឈដ្ឋាន និងគ្រប់វិស័យ ជាពិសេសសិស្សានុសិស្ស សូមបន្តអនុវត្តស្មារតីជាតិរបស់យើងចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយ និងលុបបំបាត់ទាំងអស់គ្នា៕
ដោយ៖ប៊ុន រដ្ឋា