ឯកឧត្តម ហ៊ុន ម៉ានី៖ មរណភាពព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់នូវធនធានមនុស្សល្អឆ្នើមមួយរូប
ភ្នំពេញ៖ជាមួយរូបថតចំនួនបីសន្លឹកនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបង្ហោះសាររំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយគ្រួសារសពលោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពនៅថ្ងៃសុក្រ ៧រោច ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២:៤៥នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការថា “មរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាបាត់បង់នូវស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោសប្រណី ក៏ដូចជាការបាត់បង់នូវធនធានមនុស្សល្អឆ្នើមមួយរូបដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃនៃវប្បធម៌ជាតិខ្មែរ និងខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរក្សាការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់ទុកសា្នដៃគួរកោតសសើរ និងចងចាំសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ប្រកបដោយជំនាញវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ជារៀងរហូតមក។
ឯកឧត្តមបន្តថា “យើងខ្ញុំទាំងអស់គ្នាពិតជានៅចងចាំនូវស្នាដៃដែលលោកគ្រូព្រឹទ្ធាចារ្យបានបន្សល់ទុកជារៀងរហូត”។
ដោយឡែក សមាគមសិល្បករខ្មែរ នៅរសៀលថ្ងៃទី២៨ ខែមិថុនា បានបង្ហោះសាររំលែកទុក្ខ។សារដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់សមាគមបានរៀបរាប់ថា តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសិល្បករ សិល្បការិនីទាំងអស់ នៃសមាគមសិល្បករខ្មែរយើងខ្ញុំពិតជាមានសេចក្តីរន្ធត់ក្ដុកក្ដួលនិងសោកស្ដាយជាទីបំផុតដោយទទួលដំណឹងពីមរណភាពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ។ក្នុងឱកាសដ៏សែនវិយោគរកទីបំផុតគ្មាននេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយក្រុមគ្រួសារនៃសពរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។
សារបន្តថា មរណភាពរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងគុណូបការ:ចំពោះកូនចៅគ្រប់ៗគ្នា។ ដោយឡែកសម្រាប់វិស័យសិល្បៈវប្បធម៌ជាតិវិញ អវត្តមានរបស់លោកតាព្រឹទ្ធាចារ្យ គឺជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិទាំងនៅឆាកជាតិនិងតំបន់ក៏ដូចជាការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តជាតិផងដែរ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយលោកស្រី តាត់ ឆេន ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ សូមបានទៅសោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ជាអកុសល ស្ថិតក្នុងវ័យចន្លោះ ៤ឆ្នាំ កុមារា គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ និងបានចាប់ផ្តើមការសិក្សាអំពី ចាប៉ីដងវែងនៅអាយុ ១៣ឆ្នាំ។ ដោយសារតែពិការភាព ជារឿយៗលោកតែងប្រឈមមុខនឹងការសើចចំអកពីសំណាក់មិត្តភក្តិ និងមនុស្សជុំវិញខ្លួន។ ក្នុងរយៈពេលពីរឆ្នាំនៃការសិក្សាចាប៉ី គឺគ្រាដែលលោកមាន វ័យ១៥ឆ្នាំគត់ គង់ ណៃ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈនេះ ហើយកសាងកេរ្តិ៍ឈ្មោះល្បីសុសសាយយ៉ាងឆាប់រហ័ស និងមិនយូរប៉ុន្មានគាត់ក៏បានទទួលឈ្មោះហៅក្រៅថា “សង្ហា” ណៃ។ ក្រោយមកទៀត លោកនៅតែទទួលបានភាពជោគជ័យជាបន្តបន្ទាប់ដូចជា៖
នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។
ក្នុងឆ្នាំ ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ ២០០៧។
ក្នុងឆ្នាំ ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំងនឹងចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧។
នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត។
ឆ្នាំ ២០០១លោកទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល។ឆ្នាំ ២០០២ លោកទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរដ្ឋាភិបាល និងឆ្នាំ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថា កោសល្យវោហារ គង់ណៃ។នៅឆ្នាំ ២០១៧ លោកទទួលបានពានរង្វាន់សិល្បៈ និងវប្បធម៌ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វូគុអុកាប្រទេសជប៉ុន សម្រាប់ផ្តល់ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែក អប់រំ សិល្បៈ និងវប្បធម៌។ ហើយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ គឺជាបុគ្គលទី៣របស់កម្ពុជា ដែលបានទទួលពានរង្វាន់នេះ បន្ទាប់ពី លោក ឆេង ផុន និង លោក អាំង ជូលាន។
គួរជម្រាបផងដែរថា ព្រឹទ្ធាចារ្យ គង់ ណៃ ជាសិល្បៈករប្រពៃណីបុរាណអស្ចារ្យម្នាក់ក្នុងចំណោមសិល្បៈករខ្មែរ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជា និងលើឆាកអន្តរជាតិ។ ហើយជារឿងដ៏សោកស្តាយបំផុត ដែលកម្ពុជាបានបាត់បង់មរតកមនុស្សរស់ឆ្នើមដូចជារូបលោក៕
ដោយ៖មុនី