សិក្ខាសាលាចែករំលែកបទពិសោធន៍ និងការអនុវត្តល្អ ស្តីពីការលើកកំពស់សុវត្តិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតកម្ពុជា

ភ្នំពេញ៖ ក្រុមអ្នកធ្វើការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្នើឱ្យអនុវត្តគោលនយោបាយ ឬបញ្ជាផ្ទៃក្នុង ដែលចែងអំពីសុវត្ថិភាពចរាចរណ៍នៅកម្រិតរោងចក្រ គ្រាដែលការសិក្សាបានរកឃើញថា កម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ទទួលរងគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកបំពេញការងារមានប្រមាណជាង ៦៧ភាគរយ នៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ ដែលកើតមានលើកម្មករនិយោជិតគ្រប់វិស័យ។

ថ្លែងក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ និងការអនុវត្តល្អអំពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា បានស្នើសុំដល់សមាគមរោងចក្រនានា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងស្ថាប័នរាជរដ្ឋាភិបាល ជាពិសេសគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិនិត្យលទ្ធភាពណែនាំ និងឈានទៅកំណត់ឱ្យរោងចក្រ ដែលជាសមាជិកសមាគម ឬគម្រោងរបស់ខ្លួន និងអ្នកបញ្ជាទិញ ឱ្យធ្វើការបង្កើត និងអនុវត្តគោលនយោបាយ ឬបញ្ជាផ្ទៃក្នុងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្រិតរោងចក្រ និងសកម្មភាពនានាឱ្យបានទៀងទាត់ ក៏ដូចជាផ្តល់ការគាំទ្របច្ចេកទេសសមស្របដល់រោងចក្រ សហគ្រាស ក្នុងការអនុវត្តនូវគោលនយោបាយ និងសកម្មភាពរបស់ពួកគេ ដែលធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរ។

លោក គឹម បញ្ញា បន្តថា យោងតាមការអង្កេតក្នុងឆ្នាំ២០២២ បានបង្ហាញថា កម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ហើយទទួលរងគ្រោះថ្នាក់ពេលធ្វើដំណើរទៅមកបំពេញការងារមានប្រមាណជាង ៦៧ភាគរយ នៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ ដែលកើតមានលើកម្មករនិយោជិតគ្រប់វិស័យ។ ការអង្កេតមួយទៀតក្នុងឆ្នាំ២០១៧ ដែលធ្វើទៅលើរោងចក្រចំនួន២៣៣នៅកម្ពុជា ក៏បានរកឃើញដែរថា មានការបាត់បង់ពេលវេលាសរុបចំនួន៧.៦១៩ថ្ងៃ ក្នុងអំឡុងពេល១២ខែ ក្នុងឆ្នាំ២០១៦ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ក្នុងចំណោមកម្មករនិយោជិត។

នាឱកាសនោះដែរ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គាំទ្រចំពោះការអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍នៅកម្រិតរោងចក្រ ដោយលោកជំទាវ បានថ្លែងថា ជាការផ្ដល់ការអប់រំ និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ដែលនឹងធ្វើឱ្យកម្មករនិយោជិត រួមទាំងអ្នកបើកបរ មានការយល់ដឹង ខណៈជារៀងរាល់ថ្ងៃ មានកម្មករកម្មការិនីក្នុងវិស័យរោងចក្រកាត់ដេរ និងស្បែកជើង និងរោងចក្រផលិតសម្ភារផ្សេងទៀតជាង៧០ម៉ឺននាក់ ធ្វើដំណើរប្រឈមចំពោះសុវត្ថិភាពចរាចរណ៍តាមមធ្យោបាយម៉ូតូផ្ទាល់ខ្លួន រថយន្តរដឹកទំនិញដែលពុំមានសុវត្ថិភាព។

សូមបញ្ជាក់ថា កម្មវិធីប្រកបដោយបរិយាប័ន្ន និងមានគោលដៅជាក់លាក់របស់អង្គការមូលនិធិបង្ការរបួសអាស៊ី បានផ្តោតលើសពីបញ្ហាសុវត្ថិភាពចរាចរណ៍ ដោយត្រួសត្រាយផ្លូវឆ្ពោះទៅរកការផ្លាស់ប្តូរប្រកបដោយនិរន្តរ៍ភាព ដោយក្នុងនោះមានកម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណ៥៧.៣៥១នាក់ដោយផ្ទាល់ និងអ្នកបើកបររថយន្តដឹកកម្មករនិយោជិតចំនួន២.៦៩៤នាក់ បានទទួលការអប់រំ និងផ្សព្វផ្សាយគោលនយោបាយសុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner