ភ្នំខ្ពស់បំផុតនៅកូរ៉េខាងត្បូងប្រឈមការខូចខាតដោយសារកញ្ចប់មី
សេអ៊ូល៖ ភ្នំខ្ពស់បំផុតរបស់ប្រទេសកូរ៉េខាងត្បូង កំពុងប្រឈមនឹងការខូចខាតបរិស្ថាន ពីប្រភពដែលមិននឹកស្មានដល់ នោះគឺការចោលសំរាម មានដូចជាកញ្ចប់មីជាដើម។
ភ្នំ Halla ដែលមានកំពស់ ១,៩៤៧ម៉ែត្រ គឺជាភ្នំខ្ពស់បំផុតរបស់ប្រទេសកូរ៉េខាងត្បូង ដោយវាបានបម្រើជាគោលដៅវិស្សមកាលដ៏ពេញនិយមបំផុតសម្រាប់អ្នកចូលចិត្តឡើងភ្នំនៅលើកោះជេជូ (Jeju)។ សេចក្តីប្រកាសព័ត៌មានមួយបានឱ្យដឹងថា ការិយាល័យឧទ្យានជាតិនៃភ្នំ Halla បានចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីលើកទឹកចិត្តអ្នកឡើងភ្នំ កុំឱ្យចោលកញ្ចប់មី ramyun គ្មានសណ្តាប់ធ្នាប់នៅលើភ្នំ ឬតាមដងអូរ ដើម្បីការពារ “បរិស្ថានស្អាត”។
បដាបិទជុំវិញភ្នំបានសរសេរថា «សូមថែរក្សាភ្នំ Halla ឱ្យស្អាត»។ ការជក់បារី ការញុំាអាហារ ការបទដៃ បទជើងក្រៅបន្ទប់ទឹក និងការផឹកស្រាដោយគ្មានការអនុញ្ញាតត្រូវបានហាមឃាត់នៅលើភ្នំ ហើយអ្នកដែលបំពានច្បាប់នេះ អាចប្រឈមនឹងការពិន័យរហូតដល់ជាង ១,៤៤០ដុល្លារ។
ភ្នំ Halla ត្រូវបានគេចាត់ទុកថា ជាកន្លែងពិសិដ្ឋ ដែលផ្នែកមួយនៃកោះភ្នំភ្លើងជេជូ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយអង្គការយូណេស្កូ។ កាលពីឆ្នាំ ២០២៣ មនុស្សប្រហែល ៩២៣,៦៨០នាក់បានទៅលេងកំសាន្តភ្នំ Halla នេះបើយោងតាមស្ថិតិរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង៕
ប្រភព៖ CNN ប្រែសម្រួលដោយ៖ ឈឹម ទីណា