Porsche ប្រមូលឡាន Taycan ទាំងអស់ទូទាំងពិភពលោក មកជួសជុលប្រព័ន្ធហ្វ្រាំង
ប៊ែរឡាំង៖ ក្រុមហ៊ុន Porsche បានប្រកាសប្រមូលឡានម៉ូដែល Taycan ទាំងអស់នៅទូទាំងពិភពលោក បន្ទាប់ពីបានរកឃើញមានបញ្ហាប្រព័ន្ធហ្វ្រាំង។
ក្រុមហ៊ុនផលិតឡានអាល្លឺម៉ង់ Porsche បានកត់សម្គាល់ពីបញ្ហាទាក់ទងនឹងប្រព័ន្ធហ្វ្រាំងខាងមុខ ដោយឡានមួយចំនួនតូចមានបញ្ហាប្រេះស្រាំ ដែលបណ្តាលឱ្យលេចធ្លាយប្រេងហ្វ្រាំង។
ទោះបីជាយ៉ាងណា ក្រុមហ៊ុន Porsche មិនបានបង្ហាញពីចំនួនជាក់លាក់នៃឡានដែលមានបញ្ហានោះទេ។ គេគ្រាន់តែដឹងថាក្រុមហ៊ុននេះបានលក់ឡានម៉ូដែលនេះអស់ជាង ១៥០,០០០គ្រឿងនៅទូទាំងពិភពលោក ចាប់តាំងពីឡាន Taycan បានចេញលក់ជាផ្លូវការក្នុងឆ្នាំ ២០២០។
កាលពីឆ្នាំ ២០២២ ក្រុមហ៊ុន Porsche ក៏ធ្លាប់បានប្រមូលឡានម៉ូដែល Taycan ប្រមាណ ៤០,០០០គ្រឿងមកជួសជុលឡើងវិញផងដែរ ដោយសារតែបញ្ហាពោងសុវត្ថិភាព ហើយប្រហែល ៣,០០០គ្រឿងផ្សេងទៀតត្រូវបានប្រមូលមកវិញកាលពីខែមុន ដោយសារតែភាពមិនប្រក្រតីពាក់ព័ន្ធនឹងអាគុយឡាន។
សារព័ត៌មាន CNBC បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ ការលក់ឡានរបស់ក្រុមហ៊ុន Porsche រកប្រាក់ចំណូលបានជាង ៤៤ពាន់លានដុល្លារ កើនឡើង ៧.៧ភាគរយ។ ក្រុមហ៊ុន Porsche ក៏បានរំពឹងផងដែរថា ការលក់ឡានរបស់ខ្លួននឹងរកប្រាក់ចំណូលបានពីចន្លោះ ៤២ពាន់លានដុល្លារ ដល់ជិត ៤៥ពាន់លានដុល្លារក្នុងពេលពេញមួយឆ្នាំ ២០២៤នេះ៕
ប្រភព៖ autocar និង CNBC ប្រែសម្រួលដោយ៖ ឈឹម ទីណា